ពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦-- គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទនាព្រឹកថ្ងៃពុធ១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយមានការចូលរួមពីលោកជំទាវសមាជិការដ្ឋសភា និងជាអនុប្រធានសមាគម ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ លោកជំទាវប្រធានកិត្តិយសសាខាសាមាគម ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោកជំទាវ លោកស្រី អ្នកនាង កញ្ញា ជាថ្នាក់ដឹកនាំនិងសមាជិកាថ្នាក់កិត្តិយស និងថ្នាក់ប្រតិបត្តិនៃគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំង លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ដ្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងសុន្ទរកថាស្វាគមន៍ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងបានជម្រាបជូនថា ការរៀបចំពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពជាផ្លូវការនាពេលនេះ គឺជាការបន្តពង្រឹងយន្តការដឹកនាំ ការសម្របសម្រួល និងការអនុវត្តការងារឱ្យកាន់តែមានភាពរស់រវើក និងប្រសិទ្ធភាព សំដៅធានានិរន្តរភាពនៃសកម្មភាពរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ស្របតាមទិសដៅនយោបាយនិងកម្មវិធីរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ដ្រីបានជម្រាបជូនបន្ថែមអំពីការខិតខំប្រឹងប្រែងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការកសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព តាមរយៈការអនុវត្តគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥ ដែលមានកម្មវិធីអាទិភាពចំនួន៥។ ទន្ទឹមនឹងនោះ ក្រសួងបានយកចិត្តទុកដាក់ក្នុងការងារលើកកម្ពស់សិទ្ធិស្រ្តី ដោយបង្កើនចំនួនមន្រ្តីរាជការជាស្រ្តីឱ្យទទួលបានមុខងារ និងតួនាទីធ្វើសេចក្តីសម្រេចចិត្តនៅគ្រប់រចនាសម្ព័ន្ធគ្រប់គ្រងតាមអង្គភាពក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។
លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានប្រតិបត្តិសាខាសមាគម បានឡើងធ្វើរបាយការណ៍អំពីលទ្ធផលការងាររបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងអភិវឌ្ឍន៍ជនបទ ដោយបានបង្ហាញនូវការសមិទ្ធផលជាច្រើន ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ទាំងនៅក្នុងការងារក្រសួងអភិវឌ្ឍន៍ជនបទ និងការងារសប្បុរសធម៌នានា។

លោកជំទាវ សាន្ដ អរុណ សមាជិករដ្ឋសភា និងជាអនុប្រធានសមាគម បានអានសេចក្តីសម្រេចទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានសមាសភាពសរុបចំនួន ៧៩រូប ក្នុងនោះថ្នាក់កិត្តិយសមានចំនួន ២២រូប និងថ្នាក់ប្រតិបត្តិមានចំនួន ៥៧រូប។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញប្រគល់សេចក្ដីសម្រេចជូន លោកជំទាវ វង គន្ធារី ឆាយឫទ្ធិសែន ប្រធានកិត្តិយសគណៈកម្មការសាខាសមាគម និងប្រគល់ត្រា ជូនលោកជំទាវ ម៉ាត់ ម៉ារ៉ា ប្រធានសាខាសមាគម។ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងការកោតសរសើរចំពោះ លោកជំទាវ និងបងប្អូននារីទាំងអស់ដែលត្រូវបានផ្តល់សេចក្តីទុកចិត្ត គាំទ្រ និងតែងតាំងបំពេញបន្ថែម ក្នុងសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងអភិវឌ្ឍន៍ជនបទនា។
សម្តេចបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងបុរេសកម្មរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរ និងផ្តល់តម្លៃជាយុទ្ធសាស្ត្រថា “ស្ត្រីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ”។ ក្នុងបរិបទនេះ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានកំណត់យ៉ាងច្បាស់លាស់នូវការលើកកម្ពស់សមភាពយេនឌ័រ ការពង្រឹងសិទ្ធិអំណាច និងការបង្កើនតួនាទីស្នូលរបស់ស្ត្រី ទាំងនៅក្នុងរចនាសម្ព័ន្ធស្ថាប័នរដ្ឋ និងក្នុងប្រព័ន្ធអេកូឡូស៊ី នៃវិស័យឯកជន ជាកាតាលីករ និងជាអាទិភាពគន្លឹះមិនអាចខ្វះបាន ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព។

សម្ដេចបានផ្ដល់នូវអនុសាសន៍ណែនាំសំខាន់ៗមួយចំនួន ជូនដល់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបន្ដពង្រឹងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីជំរុញឱ្យការអនុវត្តតួនាទីនិងភារកិច្ចរបស់សាខាសមាគម កាន់សម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យបន្ថែមទៀត៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





