មន្ត្រីក្រសួងកិច្ចការនារី៖ កម្មវិធី «ពុកម៉ែល្អ កូនល្អ និងគ្រួសារល្អ» នឹងរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីតួនាទី និងការទទួលខុសត្រូវរបស់ឪពុកម្តាយក្នុងការចិញ្ចឹមបីបាច់ និងអប់រំកូន
AKP សៀមរាប ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦--នៅក្នុងកិច្ចប្រជុំស្តីពីការចុះប្រមូលព័ត៌មាន និងពិគ្រោះយោបល់សម្រាប់ការរៀបចំកម្មវិធីលើកកម្ពស់ «ពុកម៉ែល្អ កូនល្អ និងគ្រួសារល្អ» ជាមួយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី សេងផល ដាវីន អគ្គនាយិការងនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា កម្មវិធីនេះនឹងជួយលើកកម្ពស់ការយល់ដឹងអំពីតួនាទី និងការទទួលខុសត្រូវរបស់ឪពុកម្តាយក្នុងការចិញ្ចឹម និងអប់រំកូន ព្រមទាំងជំរុញឱ្យបុរសចូលរួមកាន់តែសកម្មក្នុងកិច្ចការគ្រួសារ ការថែទាំកូន និងការចែករំលែកការងារក្នុងផ្ទះ ដើម្បីកសាងទំនាក់ទំនងល្អក្នុងគ្រួសារ និងលើកកម្ពស់សមភាពយេនឌ័រ។

លោកស្រីបានបញ្ជាក់ថា ការចុះប្រមូលព័ត៌មាន និងពិគ្រោះយោបល់នៅតាមបណ្តាខេត្ត គឺដើម្បីប្រមូលធាតុចូលពីក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ សម្រាប់រៀបចំសេចក្តីព្រាងក្របខ័ណ្ឌកម្មវិធីឱ្យស្របតាមតម្រូវការ និងស្ថានភាពជាក់ស្តែងរបស់ក្រុមគោលដៅ ដើម្បីធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការអនុវត្ត។
កម្មវិធី «ពុកម៉ែល្អ កូនល្អ និងគ្រួសារល្អ» គឺជាក្របខ័ណ្ឌកម្មវិធីថ្មី និងជាផែនទីបង្ហាញផ្លូវមួយសម្រាប់សម្រេចគោលដៅនៃផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ (២០២៤-២០២៨) ដោយផ្តោតលើការលើកកម្ពស់សមភាពយេនឌ័រ ការចិញ្ចឹមកូនបែបវិជ្ជមាន ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ ការលើកតម្លៃស្ត្រី និងការកសាងបរិយាកាសគ្រួសារប្រកបដោយសុខុមាលភាព។ កម្មវិធីនេះក៏រួមចំណែកអនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងភាពជាពលរដ្ឋដែលមានចំណេះដឹង សីលធម៌ វិន័យ និងការទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះ លោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប បានវាយតម្លៃខ្ពស់ចំពោះការចុះប្រមូលព័ត៌មាន និងពិគ្រោះយោបល់របស់ក្រសួងកិច្ចការនារី ដែលបានផ្តល់ឱកាសដល់មន្ទីរ អង្គភាពជំនាញ និងអ្នកពាក់ព័ន្ធនៅមូលដ្ឋាន ចូលរួមផ្តល់មតិយោបល់ និងបទពិសោធន៍ជាក់ស្តែង ដើម្បីធ្វើជាធាតុចូលសម្រាប់ការរៀបចំកម្មវិធីឱ្យមានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តន៍បានប្រកបដោយប្រសិទ្ធភាព។

អង្គប្រជុំក៏បានលើកឡើងថា កម្មវិធីនេះគួរផ្តោតលើការលើកកម្ពស់ការចូលរួមរបស់បុរស និងឪពុកក្នុងកិច្ចការគ្រួសារ និងការចិញ្ចឹមបីបាច់កូន ដោយការថែទាំ និងអប់រំកូនមិនមែនជាកាតព្វកិច្ចរបស់ម្តាយតែម្នាក់នោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់ឪពុក និងម្តាយ ដើម្បីកសាងគ្រួសារប្រកបដោយក្តីស្រឡាញ់ សុវត្ថិភាព សមភាព និងសុខដុមរមនា៕
ដោយ ឃុត សៅ





