សម្តេចធិបតីនាយករដ្ឋមន្ត្រី ណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់ក្នុងការគ្រប់គ្រងគុណភាពឱសថ និងគ្រឿងសម្អាង ដើម្បីបង្ការគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ -- សម្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឱ្យគ្រប់បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតក្នុងការគ្រប់គ្រងគុណភាពឱសថ និងគ្រឿងសម្អាង មានឡេលាបស្បែកជាដើម ដើម្បីជាការបង្ការការគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់។ ការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះ ធ្វើឡើងក្នងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរ ពេទ្យ ហ្លួងម៉ែ ដែលជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឹមហារីក មានទីតាំងក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យើងត្រូវពិនិត្យមើលផលិតផលឱសថ និងឡេលាបស្បែក ដើម្បីធានាពីគុណភាព ដោយការធ្វើបែបនេះគឺជាការជួយទាំងអ្នកលក់ ជួយទាំងអ្នកប្រើប្រាស់ ព្រោះអ្នកលក់ខ្លះគាត់បានដឹងទេថាវាមានគុណភាព ឬគ្មានគុណភាព វាមិនប៉ះពាល់ ឬប៉ះពាល់ ព្រោះគាត់មិនមែនជាអ្នកផលិត គាត់គឺជាអ្នកទិញតពីគេដែរ ជួនកាលទិញតាមអនឡាញតៗគ្នា។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា៖ «ដូច្នេះ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ រួមមាន ក្រសួងសុខាភិបាល ក្រសួងពាណិជ្ជកម្ម។ល។ និង។ល។ ត្រូវមានការគ្រប់គ្រងបញ្ហានេះឱ្យបានច្បាស់លាស់ ព្រោះថាយើងមិនអាចឱ្យក្រុមហ៊ុន ឬអ្នកណាម្នាក់ទទួលបានប្រាក់ចំណេញ តែបែរជាធ្វើឱ្យសុខភាពរបស់ប្រជាពលរដ្ឋយើងមានបញ្ហានោះ គឺអត់ទេ គឺត្រូវទទួលខុសត្រូវចំពោះរឿងសុខភាព និងអាយុជីវិតអ្នកប្រើប្រាស់ដោយតឹងរ៉ឹងបំផុត»។

ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា៖ «រឿងអ្វីផ្សេងអាចនិយាយគ្នាបាន តែរឿងដែលប៉ះពាល់សុខភាព និងអាយុជីវិតប្រជាជន គឺត្រូវតែច្បាស់លាស់»៕
ដោយ៖ ចាន់ សុភឿន





