សហគមន៍កសិកម្មដាំស្រូវសរីរាង្គចំនួន៨ រៀនបច្ចេកទេសផលិតកម្មដំណាំស្រូវ បន្ស៊ាំនឹងអាកាសធាតុដែលប្រែប្រួល
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ -- គម្រោងគជ់បានបណ្តុះបណ្តាលកសិករគំរូចំនួន ២៤០ នាក់ដែលជ្រើសរើសមកពីសហគមន៍កសិកម្មចំនួន ៨ ក្នុងខេត្តព្រះវិហារ ចាប់ពីពាក់កណ្តាល ខែសីហា ដល់ខែធ្នូ ឆ្នាំ២០២៦ អ្នកចូលរួមក្នុងវគ្គបណ្តុះបណ្តាលសាលារៀនស្រែកសិករ ស្តីពីបច្ចេកទេសផលិតកម្មស្រូវធន់នឹងអាកាសធាតុ នៅទីតាំងចម្ការបង្ហាញចំនួន៨។

វគ្គបណ្តុះបណ្តាលដឹកនាំដោយនាយកដ្ឋានអភិវឌ្ឍដំណាំស្រូវនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ តាមរយៈគម្រោងគជ់ ដែលគាំទ្រដោយមូលនិធិអាកាសធាតុបៃតង កសិករបានរៀនជំនាញជាក់ស្តែង អំពីការជ្រើសរើស និងការបន្សុទ្ធពូជស្រូវ ការរៀបចំដី ការដាំជាជួរ ការកែលម្អជីជាតិដី ការគ្រប់គ្រងទឹក និងស្មៅចង្រៃ ការគ្រប់គ្រងកត្តាចង្រៃ ការគ្រប់គ្រងសត្វល្អិតតាមបែបជីវសាស្ត្រ បច្ចេកទេសប្រមូលផល និងការដោះស្រាយក្រោយពេលប្រមូលផល។ កសិករគំរូទាំង ២៤០នាក់នឹងអនុវត្តបច្ចេកទេសដែលពួកគេបានរៀន នៅទីតាំងចម្ការបង្ហាញទាំងប្រាំបី និងបានចែករំលែកបច្ចេកទេសទាំងនេះ ដល់កសិករដែលរស់នៅក្បែរទីតាំងស្រែបង្ហាញនីមួយៗ។

ការរៀនតាមរយៈការអនុវត្តផ្ទាល់ និងការចែករំលែកវាជាមួយអ្នកដទៃ ជាទិសដៅដែលគម្រោងបានរៀបចំ។ ជាមួយនឹងការអនុវត្តកាន់តែប្រសើរ កសិករអាចកាត់បន្ថយការខាតបង់ អាចគ្រប់គ្រងបញ្ហាប្រឈមបណ្តាលមកពីអាកាសធាតុ និងអាចផលិតស្រូវសរីរាង្គដែលមានគុណភាព និងបរិមាណតាមតម្រូវការទីផ្សារ៕

ដោយ ណយ នឿន (ប្រភព៖ គម្រោងគជ់)





