ក្រុមការងារឯកឧត្តម ជា សុមេធី នាំអំណោយចែកជូនគ្រួសារមានពិការភាពនៅស្រុកកំពង់លែង
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ -- ក្រុមការងារឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសាខាមូលនិធិជនពិការខេត្តកំពង់ឆ្នាំង និងមន្ទីរស.អ.យខេត្ត នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បាននាំយកអំណោយស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី និងលោកជំទាវ ចែកជូនដល់ជនមានពិការភាពក្រីក្រចំនួន១គ្រួសារ មានពិការភាព២នាក់ រស់នៅភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ក្រុមការងារឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ដែលលោកទាំងពីរតែងតែគិតគូ និងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលជួបទុក្ខលំបាក និងបានអំពាវនាវដល់ជនមានពិការភាពគ្រប់ៗរូបឱ្យទៅទទួលសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដោយមិនបង់ថ្លៃ។

កញ្ចប់អំណោយនីមួយៗរួមមាន អង្ករ ២៥គីឡូ មីជាតិ១កេះ ត្រីខ២យួរ ទឹកត្រី១យួ ទឹកស៊ីវអ៊ីវ១យួរ អំបិល២កញ្ចប់ ថវិកាចំនួន ២០០ ០០០ រៀល ជាមួយគ្នានេះលោកប្រធានមន្ទីរស.អ.យ ឧបត្ថម្ភបន្ថែមចំនួន ១០០ ០០០រៀល ភួយចំនួន១ និងកន្ទេលចំនួន១ផងដែរ៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





