អភិបាលខេត្តកណ្តាលចុះពិនិត្យកាស៊ីណូពីរន្លែងនៅក្រុងសំពៅពូនដែលបានផ្អាក
AKP កណ្ដាល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះត្រួតពិនិត្យទីតាំងកាស៊ីណូពីរន្លែងនៅ ក្រុងសំពៅពូន ដែលបានផ្អាក នាពេលកន្លងមក។

ក្នុងឱកាសចុះពិនិត្យផ្ទាល់នោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងគណៈបញ្ជាការ ក្រុងសំពៅពូន ត្រូវចាត់កម្លាំងប្រចាំការយាមកាមអោយបានត្រឹមត្រូវ និងមានការទទួលខុសត្រូវខ្ពស់នៅទីតាំងកាស៊ីណូទាំងពីរនេះ ឱ្យបានជាប់ជាប្រចាំ ដើម្បីធានាថា កុំឱ្យមានជនល្មើសអាចលបលួចប្រព្រឹត្តបទល្មើស Online Scams បាន។

ក្នុងឱកាសនោះក៏មានការចូលរួមពីតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ហើយក្រុមការងារក៏បានចុះត្រួតពិនិត្យទីតាំងកាស៊ីណូ រីចវើលដ៍ ខេអេច ឯ.ក និងកាស៊ីណូ ហ្គោលដេន ហ្វ័រឈូន រីហ្សតវើលដ៍ ឯ.ក ស្ថិតក្នុងភូមិសាស្ត្រ ក្រុងសំពៅពូន ខេត្តកណ្តាល ដែលត្រូវបានបិទសៀលផ្អាកដំណើការនាពេលកន្លងមក៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





