រយៈពេល១០ថ្ងៃដើមខែកញ្ញានគរបាលជាតិបង្ក្រាបក្រុមក្មេងទំនើង និងអ្នកវក់ល្បែង១១៩នាក់ ចាត់ការតាមច្បាប់គ្មានការលើកលែង
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ -- កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃបានបន្តបង្ក្រាបក្រុមក្មេងទំនើង និងអ្នកវក់ល្បែងយ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែងឡើយ។ ជាលទ្ធផលក្នុងរយៈពេល១០ថ្ងៃដើមខែកញ្ញានេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សសរុប ១១៩នាក់បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ដែលតួលេខនេះមានការកើនឡើង២ករណី មនុស្សកើន៣៣នាក់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីដើមខែសីហា។

យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ ក្នុងចំណោមបទល្មើសទាំងពីរសមត្ថកិច្ចបានបង្ក្រាបករណីក្មេងទំនើង ២២ករណី ឃាត់ខ្លួនសរុប ១០៣នាក់បញ្ជូនទៅតុលាការ និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត។ តួលេខនេះមានការកើនឡើង១៩នាក់ បើធៀបនឹង ១០ថ្ងៃដើមខែសីហា។
ដោយឡែក ករណីល្បែងស៊ីសងសមត្ថកិច្ចបង្ក្រាបបាន ៤ករណី ឃាត់ខ្លួនមនុស្សសរុប១៦នាក់ ក្នុងនោះ ១៤នាក់ត្រូវបានបញ្ជូនទៅតុលាការ និង ២នាក់ផ្សេងទៀតអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។ បើធៀបនឹងខែសីហាករណីល្បែងស៊ីសងកើនឡើង ២ករណី និងមនុស្សកើន ១៤នាក់៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





