តំណាងថ្មីនៃអង្គការយូនីសេហ្វប្រចាំកម្ពុជាវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏យូរអង្វែងរវាងយូនីសេហ្វ និងក្រសួងអប់រំ យុវជន និងកីឡា
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ -- លោកស្រីបណ្ឌិត Maha Damaj តំណាងថ្មីនៃអង្គការយូនីសេហ្វប្រចាំកម្ពុជា បានសម្តែងនូវសេចក្តីរីករាយ ដែលបានមកបំពេញបេសកកម្ម និងបម្រើការងារនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូដ៏យូរអង្វែងរវាងយូនីសេហ្វ និងក្រសួងអប់រំ យុវជន និងកីឡា តាំងតែពីដើមទសវត្សរ៍ឆ្នាំ១៩៩០មក។ ការគូសបញ្ជាក់របស់អ្នកតំណាងថ្មីនៃអង្គការយូនីសេហ្វប្រចាំកម្ពុជាដូចនេះ ធ្វើឡើងក្នុងឱកាសដែលលោកស្រីអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងន័យនេះ លោកស្រីបណ្ឌិត បានគូសបញ្ជាក់យ៉ាងមុតមាំពីបំណងក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ក្នុងការជំរុញសិទ្ធិ សុខុមាលភាព ការអប់រំប្រកបដោយបរិយាបន្ន ជាពិសេសការគាំទ្រដល់កុមារងាយរងគ្រោះ ជនជាតិភាគតិច (តាមរយៈការអប់រំកម្រិតពហុភាសា) និងកុមារមានពិការភាព តាមរយៈកិច្ចសហការអន្តរវិស័យជាមួយវិស័យសុខាភិបាលលើការអន្តរាគមន៍តាំងពីវ័យកុមារភាព ព្រមទាំងការអនុវត្តឱ្យទទួលបានជោគជ័យនូវកម្មវិធីកិច្ចសហប្រតិបត្តិការកម្ពុជា-យូនីសេហ្វ ២០២៤-២០២៨ និងមូលនិធិភាពជាដៃគូអភិវឌ្ឍន៍សមត្ថភាព (CDPF ដំណាក់កាលទី៣)។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រីបណ្ឌិត Maha Damaj ក្នុងឱកាសចាប់ផ្តើមបេសកកម្មការងារ និងតួនាទីថ្មីជាតំណាងយូនីសេហ្វប្រចាំនៅកម្ពុជា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏មានតម្លៃរបស់យូនីសេហ្វ ក្នុងនាមជាដៃគូយុទ្ធសាស្ត្រ ភ្នាក់ងារសម្របសម្រួលសម្រាប់ក្រុមការងារផ្នែកអប់រំ ព្រមទាំងជាភ្នាក់ងារជំនួយសម្រាប់ភាពជាដៃគូសកលផ្នែកអប់រំ ស្របតាមស្មារតីគន្លងថ្មីនៃការអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយភាពបរិយាបន្ន និងភាពធន់។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីអាទិភាពក្នុងការផ្លាស់ប្តូរការបង្រៀនពីការទន្ទេញមេរៀនមកជំរុញការគិតបែបស៊ីជម្រៅ ការវិភាគ និងការអនុវត្តចំណេះដឹងជាក់ស្តែង ព្រមទាំងការពង្រឹងការត្រៀមលក្ខណៈសម្បទារបស់កុមារតាមរយៈការអប់រំកុមារតូច ការអនុវត្តស្តង់ដាសាលារៀនគំរូ និងការរៀបចំផែនការយុទ្ធសាស្ត្រឆ្លើយតបចំពោះការគាំទ្ររបស់ Global Partnership for Education (GPE) ដោយសហការជិតស្និទ្ធជាមួយស្ថាប័នដៃគូដូចជា UNESCO និង World Bank ជាដើម។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញការផ្លាស់ប្តូរការអប់រំឌីជីថល ការអនុវត្តក្របខណ្ឌសមត្ថភាព ICT និង AI សម្រាប់គ្រូបង្រៀន ព្រមទាំងការពង្រឹងកិច្ចសហការក្រោមមូលនិធិ CDPF ដំណាក់កាលទី៣ ដើម្បីលើកកម្ពស់អភិបាលកិច្ចសាលារៀន និងការប្រកួតប្រជែងទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





