ឯកឧត្តម គួច ចំរើន ណែនាំរដ្ឋបាលស្រុកលើកដែក និងក្រុងសំពៅពូន ត្រូវផ្ដល់ជារង្វាន់ដល់ប្រជាពលរដ្ឋណាដែលបានរាយការណ៍ពីបទល្មើស Online Scams
AKP កណ្ដាល ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកលើកដែក និងក្រុងសំពៅពូន ត្រូវលើកទឹកចិត្ត និងផ្ដល់ជារង្វាន់ដល់ប្រជាពលរដ្ឋចំពោះប្រជាពលរដ្ឋណាដែលបានរាយការណ៍ពីបទល្មើស Online Scams ឈានដល់ការបង្ក្រាប ព្រមទាំងត្រូវរក្សាការសម្ងាត់ជូនពួកគាត់។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកលើកដែក និងរដ្ឋបាលក្រុងសំពៅពូន ដូច្នេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំ និងចុះត្រួតពិនិត្យទីតាំងនៅតាមបណ្តាក្រុមហ៊ុន/កាស៊ីណូស្ថិតនៅក្នុងភូមិសាស្ត្រស្រុកលើកដែក និងក្រុងសំពៅពូន ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។

ដោយអនុវត្តតាមស្មារតី និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ឱ្យអស់ពីប្រទេស គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកលើកដែក និងរដ្ឋបាលក្រុងសំពៅពូន ត្រូវបន្តអនុវត្តលើកទឹកចិត្ត និងផ្ដល់ជារង្វាន់ដល់ប្រជាពលរដ្ឋចំពោះប្រជាពលរដ្ឋណាដែលបានរាយការណ៍ពីបទល្មើស Online Scams ឈានដល់ការបង្ក្រាប និងធានារក្សាការសម្ងាត់ជូនប្រជាពលរដ្ឋ ឬប្រភពព័ត៌មានដែលបានរាយការណ៍ និងផ្តល់តម្រុយអំពីបទល្មើស ដើម្បីបង្កើនការចូលរួមពីមហាជន។ បន្តធ្វើការត្រួតពិនិត្យរដ្ឋបាលចំហ និងចុះធ្វើសកម្មភាពជាប្រចាំនៅក្នុងមូលដ្ឋាន ដើម្បីឈានទៅដល់ការបង្ក្រាប និងបោសសម្អាតបទល្មើស Online Scams ឱ្យអស់ទាំងស្រុងចេញពីដែនដីខេត្តកណ្តាល។ ត្រូវពង្រីកការស្រាវជ្រាវ និងតាមដានមុខសញ្ញាយ៉ាងយកចិត្តទុកដាក់ ចំពោះការបំបែកខ្លួន ឬការលួចលាក់ធ្វើសកម្មភាពជាលក្ខណៈបុគ្គល (ម្នាក់ៗ) របស់ក្រុមប្រព្រឹត្តបទល្មើស Online Scams។ ត្រូវចេះកសាងបណ្តាញព័ត៌មានឱ្យបានច្បាស់លាស់ និងចំគោលដៅ ពិសេសនៅតាមតំបន់ព្រំដែន និងជាមួយជនបរទេស ដើម្បីក្តាប់សភាពការណ៍ និងបង្ការបទល្មើសបានទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្តកណ្ដាលបានបញ្ជាក់បន្ថែមថា កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាអនុវត្តភារកិច្ចនេះដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត និងគ្មានការលើកលែងឡើយ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិត្តិយសរបស់ប្រទេសជាតិ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





