ចិន-អាស៊ាន បើកវគ្គបណ្តុះបណ្តាល ប្រព័ន្ធផ្សព្វផ្សាយថ្មី ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មប្រកបដោយគុណភាពខ្ពស់
AKP ប៉េកាំង, ប្រទេសចិន ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ -- វគ្គបណ្តុះបណ្តាលផ្លូវការស្តីពី «ប្រព័ន្ធផ្សព្វផ្សាយថ្មី ដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មប្រកបដោយគុណភាពខ្ពស់ សម្រាប់បណ្តាប្រទេសអាស៊ាន» ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ដែលត្រូវបានបើកជាផ្លូវការ ក្រោមការឧបត្ថម្ភពីក្រសួងពាណិជ្ជកម្មចិន និងដឹកនាំសម្របសម្រួលដោយអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ជាតិចិន (NRTA) និងរៀបចំដោយក្រុមហ៊ុន China Broadcasting International Economic and Technical Cooperation Co., Ltd. (CBIC)។

ក្នុងពិធីបើកនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពី លោកស្រី Zhou Jihong អគ្គនាយិកានៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃ NRTA និង លោក Huang Tao អគ្គនាយករងក្រុមហ៊ុន CBIC ដោយមានការចូលរួមពីតំណាងប្រព័ន្ធផ្សព្វផ្សាយ និងសិក្ខាកាមមកពីបណ្តាប្រទេសអាស៊ាន។

នៅក្នុងឱកាសនោះ លោក Huang Tao អគ្គនាយករងក្រុមហ៊ុន CBIC បានថ្លែងសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូ និងសិក្ខាកាមទាំងអស់ដោយគូសបញ្ជាក់ថា នៅក្នុងបរិបទនៃសម័យកាលឌីជីថល វិស័យប្រព័ន្ធផ្សព្វផ្សាយថ្មី (New Media) គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការរុញច្រានការអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ច។ លោកអគ្គនាយករងបានបន្ថែមថា ប្រទេសចិន និងបណ្តាប្រទេសអាស៊ាន គឺជាអ្នកជិតខាងដ៏ជិតស្និទ្ធ មានភូមិផងរបងជាមួយ មានទន្លេ និងភ្នំជាប់គ្នា ហើយការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង គឺដើម្បីដាំគ្រាប់ពូជនៃមិត្តភាព បង្កើតវេទិកាផ្លាស់ប្តូរបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម។

ជាមួយគ្នានេះ លោកស្រី Zhou Jihong អគ្គនាយិកានៃ NRTA បានចែករំលែកពីការវិវត្ត និងទិន្នន័យគន្លឹះនៃវិស័យវិទ្យុ និងទូរទស្សន៍ចិន ដោយបច្ចុប្បន្នមានស្ថានីយផ្សាយជាង ២ ៥០០ ដែលមានវិសាលភាពគ្របដណ្តប់ប្រជាជនរហូតដល់ជាង ៩៩% និងរកចំណូលក្នុងឧស្សាហកម្មនេះបានប្រមាណ ១.៥២ ទ្រីលានយ័ន (ក្នុងឆ្នាំ ២០២៥)។ លោកស្រីអគ្គនាយិកាបានគូសបញ្ជាក់បន្ថែមថា៖ «វិស័យផ្សព្វផ្សាយកំពុងធ្វើការកែទម្រង់យុទ្ធសាស្ត្រយ៉ាងស៊ីជម្រៅ ដោយផ្លាស់ប្តូរពីអ្នកផ្តល់ព័ត៌មានធម្មតា ទៅជាមជ្ឈមណ្ឌលតភ្ជាប់សេវាកម្មរស់នៅ និងការគ្រប់គ្រងសង្គមបែបឌីជីថល ព្រមទាំងផ្តោតលើការអភិវឌ្ឍមាតិកាកម្រិតអន្តរជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់»។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលនៃពិធីបើកនេះដែរ គណៈអធិបតីបានប្រគល់សៀវភៅជ្រើសរើសពិសេសៗជូនដល់តំណាងសិក្ខាកាម ដើម្បីគាំទ្រដល់ការសិក្សា និងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌។ ជាមួយគ្នានេះ ភាគីរៀបចំកម្មវិធីក៏បានដាក់ចេញនូវគំនិតផ្តួចផ្តើមសំខាន់ៗចំនួនពីរ៖ ១. ការផលិតវីដេអូខ្លី៖ លើកទឹកចិត្តឱ្យសិក្ខាកាមប្រើប្រាស់ទូរស័ព្ទដៃ ឬកាមេរ៉ា ក្នុងការផលិតវីដេអូអំឡុងពេលចុះទស្សនកិច្ចសិក្សារយៈពេល ១៤ ថ្ងៃ។ ស្នាដៃឆ្នើមៗនឹងត្រូវជ្រើសរើសទៅដាក់បញ្ចាំងក្នុងកម្មវិធី "International Short Video Contest 2026" ដែលរៀបចំដោយ NRTA។

២. ការសរសេរអត្ថបទព័ត៌មាន៖ អញ្ជើញអ្នកសារព័ត៌មានទាំងអស់សរសេរ និងបោះពុម្ពផ្សាយបទយកការណ៍ ឬព័ត៌មានផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួន ដើម្បីចែករំលែកទស្សនវិស័យ និងសមិទ្ធផលថ្មីៗដល់សាធារណជន៕
ដោយ៖ ទូច វលក្ខ័ណ





