កម្ពុជាចូលរួមអបអរសាទរ ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ឆ្នាំ២០២៦ ក្រោ មប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ សកម្មភាពសកលដើម្បីភពផែនដីត្រជាក់ជាងមុន»
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦--ប្រទេសកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០២៦ កន្លងទៅ បានប្រារព្ធទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ២០២៦ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ សកម្មភាព សកលដើម្បីភពផែនដីត្រជាក់ជាងមុន» ក្នុងគោលបំណងសំដៅ បំផុសស្មារតី ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យយល់ដឹងកាន់តែច្បាស់ អំពីសារៈសំខាន់នៃស្រទាប់អូហ្សូនសម្រាប់ជីវិតលើ ភពផែនដី និងបន្តចូលរួមឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត សំដៅ ថែរក្សាការពារស្រទាប់អូហ្សូន និងកាត់បន្ថយ ការកើនកម្ដៅភពផែនដី។

ទិវានេះ បានអញ្ជើញនិងនិមន្តពីព្រះសង្ឃ មន្រ្តីរាជការមកពីមន្ទីរជុំវិញខេត្ត និស្សិត សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហមកម្ពុជាជាច្រើននាក់។
ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិ ការក្រសួងបរិស្ថាន បាន មានប្រសាសន៍ថា ទិវាអូហ្សូនពិភពលោកឆ្នាំនេះ ក្រោមប្រធានបទ «សកម្មភាពសកលដើម្បីភពផែនដីត្រជាក់ជាងមុន» (Global action for a Cooler Planet ដែលជាពិសេសដើម្បីអបអរសាទរខួប១០ ឆ្នាំនៃវិសោធនកម្មទីក្រុងគីហ្គាលីនៃពិធី សារម៉ុងរ៉េអាល់ ឆ្លុះបញ្ចាំង ពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងជាសកល ក្នុងការការពារស្រទាប់អូហ្សូន និងដោះស្រាយបញ្ហាប្រែប្រួល អាកាសធាតុ តាមរយៈការអនុវត្តគោលនយោបាយផ្អែកលើវិទ្យាសាស្ត្រ កិច្ចសហប្រតិបត្តិការ ការច្នៃប្រឌិត និងភាពជាដៃគូរវាងប្រទេសនានា។

ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានបញ្ជាក់យ៉ាងច្បាស់ថា កិច្ចការពារស្រទាប់ អូហ្សូ ន និងការដោះស្រាយការប្រែប្រួលអាកាសធាតុ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា។ ទោះបីជា សារធាតុហាយជ្រុំភ្លុយអូរ៉ូកាបូន ឬ HFCs មិនបំផ្លាញស្រទាប់អូហ្សូនក៏ដោយ ក៏សារធាតុទាំងនេះមាន សក្តានុពលកម្ដៅសកលខ្ពស់។ ការកាត់បន្ថយជាបន្ត បន្ទាប់នូវការប្រើប្រាស់សារធាតុ HFCs រួមជាមួយការ លើកកម្ពស់ប្រសិទ្ធភាពថាមពល និងដំណោះស្រាយប្រព័ន្ធត្រជាក់ប្រកបដោយចីរភាព អាចរួមចំណែកយ៉ាង សំខាន់ក្នុងការទប់ស្កាត់ការកើនឡើងនៃសីតុណ្ហភាពសកលលោក។

សូមបញ្ជាក់ថា ការប្រារព្ធទិវាអូហ្សូនពិភពលោកនាឱកាសនេះ ក៏ដើម្បីបំផុសប្រជាជនគ្រប់មជ្ឈដ្ឋានឱ្យយល់ដឹង កាន់តែច្បាស់អំពីសារៈសំខាន់នៃស្រទាប់អូហ្សូនសម្រាប់ជីវិតលើភពផែនដី និងបន្តចូលរួមឱ្យកាន់តែខ្លាំងក្លា បន្ថែមទៀតក្នុងការថែរក្សាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្ដៅភពផែនដី សំដៅការពារ បរិស្ថាន ជីវៈចម្រុះ សុខភាពសាធារណៈ ធានាសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព។
ចាប់តាំងពី ឆ្នាំ១៩៩៥ មក លេខាធិការដ្ឋានអូហ្សូននៃកម្មវិធីបរិស្ថានអង្គការ សហប្រជាជាតិ បានកំណត់យកថ្ងៃទី១៦ ខែកញ្ញា រៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធ «ទិវាអូហ្សូនពិភពលោក» ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់ ក៏ដូចជាអបអរសាទរដល់សមិទ្ធផល និងវឌ្ឍនភាពជាបន្តបន្ទាប់ដែលយើងរួមគ្នាសម្រេចបានសំដៅឆ្ពោះទៅ ការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្ដៅភពផែនដី។ កិច្ចព្រមព្រៀងទាំងនេះ គឺជាឧទាហរណ៍ ដ៏វិសេសវិសាលមួយដែលបង្ហាញពីអ្នកវិទ្យាសាស្ត្រ អ្នកការទូត និងអ្នកនយោ បាយធ្វើសកម្មភាពរួមគ្នា ដើម្បីដោះ ស្រាយបញ្ហាប្រឈមបរិស្ថានជាសកល។

ក្នុងនាមជារដ្ឋភាគី កម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងការបញ្ឈប់ការប្រើប្រាស់ សារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន (CFC) ទាំងស្រុងក្នុងឆ្នាំ២០១០ ហើយក៏កំពុងបន្តអនុវត្តផែនការគ្រប់គ្រងសារធាតុ ហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC) ក្នុងការលុបបំបាត់សារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន និងផែនការអនុវត្ត វិសោធនកម្មទីក្រុងគីហ្គាលី ក្នុងការកាត់បន្ថយការប្រើប្រាស់សារធាតុហាយដ្រូភ្លុយអរ៉ូកាបូន ស្របតាម កាតព្វកិច្ចដែលមានចែងក្នុងពិធីសារម៉ុងរ៉េអាល់។

ថ្មីៗនេះ ព្រះរាជាណាចក្រកម្ពុជាបានអនុម័តដាក់ឱ្យអនុវត្ត ក្រមបរិស្ថាននិងធនធានធម្មជាតិ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានដាក់ ចេញនូវយុទ្ធសាស្ត្រសំខាន់ៗចំនួនបី រួមមាន ភាពស្អាត ភាពបៃតង និងចីរភាព ដោយក្នុងនោះ ភាពស្អាតលើ អាកាសត្រូវបានកំណត់ជាអាទិភាពសំខាន់មួយក្នុងចំណោមអាទិភាពសំខាន់ៗផ្សេងទៀត៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងបរិស្ថាន





