បណ្ឌិត សោ រដ្ឋា ធ្វើបទបង្ហាញអំពីជីវៈចម្រុះដែលមានវត្តមានរស់នៅក្នុងតំបន់ទេសភាពអភិរក្សដីគោក
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦--ប្រធានគ្រប់គ្រងផ្នែកជីវៈចម្រុះ និងវិទ្យាសាស្ត្រ នៃអង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការ CI) លោកបណ្ឌិត សោ រដ្ឋា បានធ្វើបទបង្ហាញអំពីជីវៈចម្រុះ ដែលមានវត្តមានរស់នៅក្នុងតំបន់ទេសភាពអភិរក្សដីគោក គាំទ្រដោយអង្គការ CI មានដូចជា៖ តំបន់ទេសភាពជួរភ្នំក្រវាញកណ្ដាល ដែនជម្រកសត្វព្រៃព្រៃឡង់ និងឧទ្យានជាតិវើនសៃ-សៀមប៉ាង។ បទបង្ហាញនេះបានរំលេចពីសារៈសំខាន់ផ្នែកអេកូឡូស៊ី តម្លៃជីវៈចម្រុះ និងសារៈសំខាន់ផ្នែកអភិរក្សនៃតំបន់ទេសភាពអាទិភាពទាំងនេះ។

លោកបណ្ឌិត ក៏បានធ្វើបទបង្ហាញពីលទ្ធផលនៃការសិក្សាមួយទៀតផងដែរ ក្រោមចំណងជើង « អត្ថប្រយោជន៍នៃការអភិរក្សរបស់គម្រោងរេដបូកនៅក្នុងតំបន់ការពារព្រៃត្រូពិចសម្រាប់សហគមន៍សត្វស្លាប» នៅថ្ងៃទៅ១៥ ខែកញ្ញា ឆ្នាំ២០២៦នេះ។

តាមរយៈការសិក្សានេះ ការអនុវត្តគម្រោងរេដបូកមានផលជាវិជ្ជមានលើនានាភាពនៃប្រភេទសត្វស្លាប និងការអភិរក្សព្រៃឈើនៅក្នុងតំបន់នេះ។ បទបង្ហាញទាំងពីរនេះត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាអន្តរជាតិមួយស្ដីអំពី «ការស្រាវជ្រាវនិងអប់រំអំពីព្រៃឈើ» ដែលរៀបចំដោយសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងមានអ្នកចូលរួមសរុបចំនួន ១៤០នាក់ រួមមាន សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ គ្រូបង្រៀនថ្នាក់ឧត្តមសិក្សា និងនិស្សិតមកពីសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវជាតិ និងអន្តរជាតិ។

ព្រឹត្តិការណ៍នេះ ជាវេទិកាដ៏មានតម្លៃសម្រាប់ការចែករំលែកចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ផ្នែកវិទ្យាសាស្ត្រ និងការពិភាក្សាអំពីការអភិរក្សជីវៈចម្រុះ អេកូឡូស៊ីព្រៃឈើ ការស្តារឡើងវិញ និងការគ្រប់គ្រងទេសភាពប្រកបដោយចីរភាពនៅប្រទេសកម្ពុជា៕
ដោយ ណយ នឿន (ប្រភព៖ CI)





