ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា៖ ច្រកចេញចូលតែមួយត្រូវមានភាពសាមញ្ញ ឆាប់រហ័ស តម្លាភាព ឌីជីថល និងសមាហរណកម្ម
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ -- ច្រកចេញចូលតែមួយត្រូវមានភាពសាមញ្ញ ឆាប់រហ័ស តម្លាភាព ឌីជីថល និងសមាហរណកម្ម។ នេះជាប្រសាសន៍របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ក្នុងឱកាសដែលឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានណែនាំ និងផ្តល់អនុសាសន៍ដល់មន្រ្តីបម្រើការងារច្រកចេញចូលតែមួយ ដើម្បីបង្កើនគុណភាពការបម្រើសេវាជូនអតិថិជន ឱ្យទទួលសេវាឱ្យកាន់តែឆាប់រហ័ស មានទំនុកចិត្ត កាត់បន្ថយភាពយឺតយ៉ាវក្នុងការផ្តល់សេវា និងព្យាយាមពន្យល់រាល់កិច្ចការងារ និងតម្រូវការឱ្យបានច្បាស់លាស់ជូនសាធារណៈជន និងការទទួលបដិសណ្ឋារកិច្ចដោយការស្នាមញញឹម និងឥរិយាបថល្អ។

ឯកឧត្តមសាស្រ្តាចារ្យ បានរំលឹកជូនមន្រ្តីច្រកចេញចូល រាល់ឯកសារស្នើសុំដែលទទួលបានត្រូវបញ្ជូនឱ្យបានលឿន ព្រមទាំងការតាមដានឱ្យបានច្បាស់លាស់ពីដំណាក់កាលមួយ ទៅដំណាក់កាលមួយទៀត ជាពិសេសនោះគឺតម្លៃសេវាត្រូវគោរពទៅតាមគោលការណ៍ដែលបានកំណត់។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យបានណែនាំដល់មន្រ្តីច្រកចេញចូល ត្រូវអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ហើយក្រសួងគ្រោងនឹងរៀបចំដាក់ឱ្យប្រើប្រាស់ការស្នើសុំសេវាសាធារណៈ និងការបង់ប្រាក់តាមប្រព័ន្ធ Online ដើម្បីផ្តល់ភាពងាយស្រួល និងកាត់បន្ថយពេលវេលារបស់សាធារណៈនាពេលខាងមុខ៕

ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





