ក្រសួងសង្គមកិច្ច រៀបចំ វគ្គបណ្តុះប ណ្តាលស្តីពី “មូលដ្ឋានគ្រឹះនៃការថែទាំមនុស្សវ័យចាស់”
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ -- នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ស.អ.យ ចាប់ពីថ្ងៃទី១៤-១៨ ខែកញ្ញា ឆ្នាំ២០២៦ នាយកដ្ឋានមនុស្សចាស់ និងអតីយុទ្ធជន នៃអគ្គនាយកដ្ឋានសេវាសង្គមកិច្ច ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាបានរៀបចំ វគ្គបណ្តុះបណ្តាលស្តីពី “មូ លដ្ឋានគ្រឹះនៃការថែទាំមនុស្សវ័យចាស់ ” ដោយមានលារអញ្ជើញចូលរួម ឯកឧត្តម រដ្ឋលេខាធិការ នូ នីម ។

ឯកឧត្តម នូ នីម មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមាន គោលបំណងសំខាន់ៗដូចតទៅ ទី១ ផ្តល់ចំណេះដឹងជាមូលដ្ឋាន៖ ជួយឱ្យសិក្ខាកាមយល់ដឹងកាន់តែច្បាស់អំពីការប្រែប្រួលផ្នែកជីវសាស្ត្រ ចិត្តសាស្ត្រ និងតម្រូវការទូទៅរបស់មនុស្សវ័យចាស់ ទី២ អភិវឌ្ឍជំនាញអនុវត្ត៖ បំពាក់បំប៉នបច្ចេកទេសថែទាំឆ្លើយតបនឹងតម្រូវការចាំបាច់ប្រចាំថ្ងៃ ដូចជាការតាមដានស្ថានភាពសុខភាព ការរៀបចំរបបអាហាររូបត្ថម្ភ អនាម័យ និងការជួយសម្រួលដល់ការធ្វើចលនាផ្សេងៗ ទី៣ ពង្រឹងសីលធម៌វិជ្ជាជីវៈ ដោយបណ្តុះស្មារតីនៃការផ្តល់សេចក្តីស្រឡាញ់ ភាពកក់ក្តៅ ការអត់ធ្មត់ ព្រមទាំងការគោរពសិទ្ធិ និងកិត្តិយសរបស់មនុស្សវ័យចាស់ ។

ក្នុងវគ្គបណ្តុះបណ្តាលនោះក៏មានការចូលរួមពី លោក លោកស្រី ដែលជាមន្ត្រីជំនាញ នៃនាយកដ្ឋានមនុស្សចាស់ និង អតីតយុទ្ធជន តំណាងមន្ទីរ ស.អ.យ រាជធានី ខេត្ត ទាំង ២៥ និងអង្គការដៃគូពាក់ព័ន្ធ ដែលបានបង្ហាញពីការយកចិត្តទុកដាក់រួមគ្នាចំពោះការលើកកម្ពស់សុខុមាលភាពរបស់មនុស្សវ័យចាស់ ដែលជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ៕

ដោយ៖ណយ នឿន ,ប្រភព៖ក្រសួងសង្គមកិច្ច





