ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន៖ កម្ពុជា សង្ឃឹមដោយស្មោះថា ប្រទេសថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាភ្នាក់ងារតំណាងកម្ពុជា បានបញ្ជាក់ថា កម្ពុជា សង្ឃឹមដោយស្មោះថា ប្រទេសថៃ ចូលរួមដំណើរការផ្សះផ្សាក្នុងស្មារតីស្ថាបនា ហើយស្របពេលគ្នានេះដែរ នឹងធ្វើសកម្មភាពឆ្ពោះទៅរកការកែលម្អទំនាក់ទំនងទ្វេភាគី តាមរយៈការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ទាំងអស់ ជាពិសេសសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការបញ្ជាក់របស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងសេចក្ដីថ្លែងការណ៍បើកកិច្ចប្រជុំជាមួយគណៈកម្មាធិការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) នៅសាធារណរដ្ឋសិង្ហបុរី នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានលើកឡើងថា សកម្មភាពបែបនេះនឹងសម្រួលឱ្យប្រជាជនភៀសសឹកជាង២ម៉ឺននាក់ អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ ការអភិរក្សទីតាំងវប្បធម៌ សំខាន់ៗដែលបានរងការខូចខាតក្នុងការប្រយុទ្ធគ្នា ហើយនឹងត្រួសត្រាយផ្លូវឆ្ពោះទៅរកប្រក្រតីនៃភាពទំនាក់ទំនងទ្វេភាគី។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា៖ «កិច្ចប្រឹងប្រែងបែបនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពតានតឹង និងការកសាងជំនឿទុកចិត្តឡើងវិញ»។

ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានអះអាងថា ការស្តារសន្តិភាព និងស្ថិរភាពរវាងកម្ពុជា និងថៃ មិនត្រឹមតែផ្តល់ប្រយោជន៍សម្រាប់ប្រជាជន នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់សហគមន៍អាស៊ានទាំងមូលទៀតផង។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា៖ «កម្ពុជាបានជ្រើសរើសយកជម្រើសនេះដើម្បីស្វែងរកផ្លូវសន្តិភាពទៅមុខ ស្របតាមច្បាប់ អន្តរជាតិ។ កម្ពុជា មើលឃើញដំណើរការផ្សះផ្សានេះថាជាមធ្យោបាយមួយសម្រាប់ស្តារទំនុកចិត្តឡើងវិញ ហើយពុំមែនជាទម្រង់នៃការបង្កើនភាពតានតឹងនោះឡើយ»៕
ដោយ៖ រិទ្ធី





