មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ឧបត្ថម្ភជូនកងទ័ពឈរជើងនៅសមរភូមិមុខ ក្នុងខេត្តព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦
ក្នុងស្មារតីផ្សារភ្ជាប់រវាងសមរភូមិក្រោយ ជាមួយនឹងសមរភូមិមុខ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចន្ថា រដ្ឋលេខាធិការ តំណាង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារ និងថវិកាមួយចំនួន ជូនដល់បញ្ជាការដ្ឋានអង្គរក្ស ប្រចាំទិសព្រះវិហារ ដើម្បីលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តយ៉ាងស្មោះស្ម័គ្រជូនដល់វីរកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសុខសន្តិភាព និងបូរណភាពទឹកដីជូនជាតិមាតុភូមិ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចន្ថា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹក និងមនោសញ្ចេតនាស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ជូនចំពោះកងយុទ្ធពលខេមរភូមិន្ទទាំងអស់ ដែលកំពុងឈរជើងការពារជាតិមាតុភូមិនៅសមរភូមិមុខ។ ឯកឧត្តមបានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះកងយុទ្ធពលខេមរភូមិន្ទ ពិសេសក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី ក្នុងស្មារតីស្នេហាជាតិ ឆន្ទៈមោះមុត ក្លាហាន និងការប្តេជ្ញាចិត្តទទួលខុសត្រូវខ្ពស់នៅគ្រប់កាលៈទេសៈ។
ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការគោរពដឹងគុណ និងកតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត ដើម្បីការពារជាតិ មាតុភូមិ និងរក្សាសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋទូទាំងប្រទេស។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការក៏បានគូសបញ្ជាក់ពីការបន្តប្រកាន់ខ្ជាប់នូវទស្សនៈសន្តិភាពរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលើកឡើងថា «សង្គ្រាមមិនអាចបញ្ចប់សង្គ្រាមបានឡើយ មានតែការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនា ការចរចា និងការពិគ្រោះយោបល់ប៉ុណ្ណោះ ទើបអាចសម្រេចបាននូវសន្តិភាពប្រកបដោយចីរភាព»។ ឯកឧត្តមបន្ថែមថា មធ្យោបាយដោះស្រាយដែលផ្អែកលើច្បាប់ ប្រកបដោយសន្តិវិធី និងការយោគយល់គ្នា គឺជាផ្លូវតែមួយគត់ដែលអាចបញ្ចៀសបាននូវការបាត់បង់អាយុជីវិត ការឈឺចាប់និងទុក្ខសោករបស់ប្រជាពលរដ្ឋ។

ឯកឧត្តម អ៊ុន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តស្នាដៃជាប្រវត្តិសាស្ត្រដឹកនាំប្រទេស ប្រកបដោយចក្ខុវិស័យច្បាស់លាស់ និងប្រាកដនិយម ក្នុងការដឹងនាំកម្ពុជាឆ្ពោះទៅជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ហើយ សម្តេចធិបតី ក៏បានប្តេជ្ញាចិត្តខ្ពស់ក្នុងការកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតជូនជាតិមាតុភូមិ ដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលកើតចេញពីការដឹកនាំដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយ៕
ដោយ៖ រិទ្ធី, ប្រភព៖ មន្ទីរព័ត៌មានខេត្ដព្រះវិហារ





