លោកផាង វី÷ការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់បែបបុរេសកម្មគឺជាកត្តាកំណត់ក្នុងការថែរក្សាប្រជាប្រិយភាពនិងកសាងទំនុកចិត្តរឹងមាំ
AKPកំពង់ធំថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២៦--
លោកផាង វីបានផ្ដល់អនុសាសន៍ជាគន្លឹះនិងគុណតម្លៃថា"ការបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់បែបបុរេសកម្មគឺជាកត្តាកំណត់ក្នុងការថែរក្សាប្រជាប្រិយភាពនិងកសាងទំនុកចិត្តរឹងមាំ"។

លោក ផាង វី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រាស្រុកស្ទោងតំណាងឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោងបានបានផ្ដល់អនុសាសន៍ជាគន្លឹះនិងគុណតម្លៃដូចនេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារយុវជននិងត្រួតពិនិត្យសកម្មភាពការងារនៅថ្នាក់មូលដ្ឋាននៅទីស្នាក់ការគណបក្សឃុំទ្រាស្រុកស្ទោងខេត្តកំពង់ធំកាលពីពេលថ្មីកន្លងទៅនេះ(ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៦)។
ថ្លែងក្នុងកិច្ចប្រជុំ លោកផាង វីបានរំលេចពីសមិទ្ធផលសំខាន់ៗនាពេលកន្លងមកដែលក្រុមការងារបានសហការ កសាង អភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមមាន៖ការសាងសង់អគារស្នាក់ការបក្សឃុំថ្មី ការជួសជុលនិងចាក់ក្រួសក្រហមផ្លូវ ការស្តារប្រឡាយ ការសាងសង់សំណង់សិល្បការ្យ និងការបំពាក់អំពូលសូឡាបំភ្លឺផ្លូវទូទាំងឃុំ។ល។ជាមួយគ្នានេះក្រុមការងារក៏បានចូលរួមយ៉ាងសកម្មលើការងារសង្គមកិច្ច ដោយបានចុះជួយសម្រាលទុក្ខធុរៈគ្រួសារខ្វះខាត ស្ត្រីសម្រាលកូន ឧបត្ថម្ភគ្រួសារសព ព្រមទាំងបានផ្តល់សម្ភារសំណង់ដល់សាលារៀន វត្តអារាមនិងមណ្ឌលសុខភាព ដើម្បីរួមចំណែកលើកកម្ពស់វិស័យសាធារណៈសង្គម និងសាសនាឱ្យកាន់តែរីកចម្រើន។

ទន្ទឹមនឹងនេះ លោកផាង វី បានដាក់ចេញនូវទិសដៅសំខាន់ៗដើម្បីតម្រង់ទិសនិងបង្កើនប្រសិទ្ធភាពការងារ រួមមាន÷ការបន្តពង្រឹងស្មារតីសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំជាកម្លាំងសរុប ការចុះឱ្យជាប់និងបម្រើប្រជាពលរដ្ឋដោយផ្ទាល់តាមរយៈការដោះស្រាយបញ្ហាប្រឈមទាន់ពេលវេលា និងមានតម្លាភាព ព្រមទាំងការរៀបចំផែនការយុទ្ធសាស្ត្រច្បាស់លាស់ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខ ដើម្បីសម្រេចបានជ័យជម្នះជូនគណបក្ស។

លោកផាង វីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រាបានណែនាំឱ្យក្រុមការងារទាំងអស់បន្តចុះសួរសុខទុក្ខនិងយកចិត្តទុកដាក់លើជីវភាពប្រជាពលរដ្ឋស្ត្រីសម្រាលកូន គ្រួសារមានទុក្ខលំបាកនិងគ្រួសារខ្វះខាត"យើងត្រូវរួមគ្នាធ្វើកិច្ចការទាំងនេះដូចភ្លៀងរលឹមនិងនិរន្តរភាព"៕
ដោយ៖ ស៊ុម វណ្ណា





