នាយកមូលនិធិ SDF ចែករំលែកយន្តការលើកកម្ពស់ជំនាញ និងបង្កើនផលិតភាព ក្នុងសិក្ខាសាលាផលិតភាពការងារ ឆ្នាំ២០២៦
AKP ភ្នំពេញថ្ងៃទី១៤ ចែកញ្ញា ឆ្នាំ ២០២៦–
ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិ មូលនិធិអភិវឌ្ឍន៍ជំនាញ SDF នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្តុ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុង «សិក្ខាសាលាផលិតភាពការងារ ឆ្នាំ២០២៦» ដែលរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។

ក្នុងសិក្ខាសាលា បានលើកយកកិច្ចពិភាក្សាលើប្រធានបទ «ជំនាញ និងការងារ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព» ឯកឧត្តម គី សុខគីម បានគូសបញ្ជាក់ពីសារគន្លឹះថា «តម្លៃពិតប្រាកដនៃការបណ្តុះបណ្តាល មិនមែនស្ថិតតែលើចំនួនសិក្ខាកាម ឬវិញ្ញាបនបត្រនោះទេ ប៉ុន្តែស្ថិតនៅលើការទទួលបានការងារធ្វើ ប្រាក់ចំណូលដែលកើនឡើង និងផលិតភាពអាជីវកម្មដែលប្រសើរឡើងជាក់ស្តែង»។ SDF ដើរតួនាទីជាយន្តការសហហិរញ្ញប្បទានរវាងរដ្ឋ និងវិស័យឯកជន ដើម្បីបំប្លែងបញ្ហាអាជីវកម្មជាក់ស្តែងឱ្យទៅជាដំណោះស្រាយជំនាញ ការងារ និងផលិតភាព។
ឯកឧត្តម បានលើកឡើងពីយុទ្ធសាស្ត្រ និងលទ្ធផលគន្លឹះរបស់ SDF ក្នុងការលើកកម្ពស់ផលិតភាព និងការអភិវឌ្ឍជំនាញ រួមមានទី១ ការបណ្តុះបណ្តាលឆ្លើយតបចំតម្រូវការឧស្សាហកម្ម៖ SDF ចាប់ផ្តើមពី «បញ្ហាអាជីវកម្ម» ដោយវិស័យឯកជនជាអ្នកកំណត់តម្រូវការជំនាញពិតប្រាកដ។ គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៦ SDF បានអនុម័តការបណ្តុះបណ្តាលសិក្ខាកាមជាង ១០១ ៥០០ នាក់ តាមរយៈថ្លៃបណ្តុះបណ្តាលសរុបប្រមាណ ៥០,៨ លានដុល្លារអាមេរិក ដែលក្នុងនោះ SDF រួមចំណែកជាមធ្យម ៥៤% និងវិស័យឯកជនរួមចំណែក ៤៦% ទាំងលើការបង្កើនជំនាញ ការអភិវឌ្ឍជំនាញថ្មី និងការបណ្តុះបណ្តាលមុនចូលបម្រើការងារ ទី២ ការវាស់វែងផលិតភាព និងលទ្ធផលការងារជាក់ស្តែង៖ SDF តាមដានលទ្ធផលតាំងពីបញ្ហារហូតដល់ផលជះអាជីវកម្មចុងក្រោយ។

លទ្ធផលបង្ហាញថា អត្រាមានការងារធ្វើសម្រេចបាន ៨៨ភាគរយ, អត្រាបញ្ចប់ការសិក្សា ៩៦ភាគរយ និងអត្រាពេញចិត្តពីនិយោជកមានរហូតដល់ ៨៩ភាគរយ។ សហគ្រាស ៨៩ភាគរយ បានរាយការណ៍ពីកំណើនផលិតភាព ឬលទ្ធផលអាជីវកម្ម និង ៨៣ភាគរយ ទទួលបានផលចំណេញត្រឡប់មកវិញវិជ្ជមាន ព្រមទាំងជួយឱ្យប្រាក់ចំណូលបុគ្គលិកកើនឡើងជាមធ្យម ២៧% ក្រោយបញ្ចប់ការបណ្តុះបណ្តាលដែលគាំទ្រដោយ SDF ទី៤ ការគាំទ្រជំនាញឌីជីថល និងបច្ចេកវិទ្យា៖ វិស័យឌីជីថលទទួលបានការគាំទ្រប្រមាណ ២១% នៃថវិកាបណ្តុះបណ្តាលដែលបានអនុម័ត ដោយគាំទ្រសិក្ខាកាម ១៧ ៨៥៩ នាក់ លើជំនាញបច្ចេកវិទ្យាទំនើបដូចជា AI, ការវិភាគទិន្នន័យ និងស្វ័យប្រវត្តិកម្មជាដើម។

ទន្ទឹមនេះ SDF បានសហការជាមួយដៃគូអន្តរជាតិ បញ្ជូនគ្រូបង្គោលកម្ពុជា ១៦៦ នាក់ទៅទទួលការបណ្តុះបណ្តាលបច្ចេកវិទ្យាកម្រិតខ្ពស់ដូចជា ការជួសជុល និងថែទាំរថយន្តអគ្គិសនី, Industrial Robotics, Digital Construction និង PLC នៅប្រទេសចិន ដើម្បីផ្ទេរចំណេះដឹងបន្តដល់សិស្ស និងកម្មករយ៉ាងតិច ២ ០០០ នាក់ត្រឹមឆ្នាំ២០២៩។
តម្លៃពិតប្រាកដនៃភាពជាដៃគូ គឺការប្រែក្លាយឱ្យទៅជាសកម្មភាពជាក់ស្តែង។
មូលនិធិអភិវឌ្ឍន៍ជំនាញ SDF ប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជន ដើម្បីបំពេញតម្រូវការជំនាញទាំងគុណភាព និងបរិមាណ ឱ្យឆ្លើយតបចំតម្រូវការឧស្សាហកម្មសំដៅកសាងកម្លាំងពលកម្មដែលមានផលិតភាពខ្ពស់ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ៕
ដោយ៖ ណយ នឿន (ប្រភព៖SDF)





