និយោជក និងក្រុមហ៊ុននានា៖ពិព័រណ៍របស់ក្រសួងមានភាពអ៊ូអរខ្លាំង និងជួយសម្រួលដល់ការជ្រើសរើសបុគ្គលិក
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦---
និយោជក និងតំណាងក្រុមហ៊ុនដែលបានចូលរួមក្នុងពិព័រណ៍ជាតិការងារ និងផលិតភាពការងារ បានបង្ហាញការគាំទ្រ និងចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្មវិធី ដោយចាត់ទុកថា ពិព័រណ៍នេះជាវេទិកាដ៏សំខាន់សម្រាប់ជួយឱ្យក្រុមហ៊ុនបានជួបផ្ទាល់ជាមួយអ្នកស្វែងរកការងារ សិស្ស និស្សិត និងយុវជន ព្រមទាំងជួយសម្រួលដល់ដំណើរការជ្រើសរើសបុគ្គលិក។

លោក ជា បូរ៉ា ប្រធានផ្នែកធនធានមនុស្ស នៃក្រុមហ៊ុន RMA Group បានលើកឡើងថា ការចូលរួមក្នុងពិព័រណ៍ការងារនេះ មានសារៈសំខាន់សម្រាប់ក្រុមហ៊ុន ព្រោះបានផ្តល់ឱកាសឱ្យក្រុមហ៊ុនជួបដោយផ្ទាល់ជាមួយសិស្ស និស្សិត យុវជន និងអ្នកកំពុងស្វែងរកការងារ ដែលមានចំណាប់អារម្មណ៍ចង់ចូលធ្វើការនៅក្នុងក្រុមហ៊ុន។
លោក ជា បូរ៉ា បានបញ្ជាក់ថា ក្រុមហ៊ុនបានទទួលពាក្យស្នើសុំការងារ និងប្រវត្តិរូបសង្ខេប(CV) ពីបេក្ខជនជាច្រើន ដែលបង្ហាញពីចំណាប់អារម្មណ៍របស់អ្នកស្វែងរកការងារចំពោះឱកាសការងារដែលក្រុមហ៊ុនបានផ្តល់ជូន។
លោកបានបញ្ជាក់ថា៖«កម្មវិធីនេះពិតជាមានសារៈសំខាន់សម្រាប់ក្រុមហ៊ុន RMA ព្រោះយើងមានឱកាសបានជួបជាមួយសិស្ស និស្សិត និងយុវជនដែលកំពុងស្វែងរកការងារ ហើយយើងក៏បានទទួលពាក្យស្នើសុំការងារ និង CV ពីបេក្ខជនជាច្រើនដែលមានចំណាប់អារម្មណ៍ចង់ចូលធ្វើការជាមួយក្រុមហ៊ុនរបស់យើង»។

លោក ជា បូរ៉ា បានបន្ថែមថា ក្រុមហ៊ុន RMA Group ក៏បានសហការល្អជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការចូលរួមអភិវឌ្ឍជំនាញបច្ចេកទេស និងបង្កើតឱកាសការងារជូនបេក្ខជន សិស្ស និងនិស្សិត។
លោកបានអំពាវនាវដល់សិស្ស និស្សិត និងយុវជនដែលកំពុងស្វែងរកការងារ ឱ្យចូលរួមក្នុងពិព័រណ៍ការងារ ដើម្បីស្វែងយល់ពីមុខជំនាញ ឱកាសការងារ និងព័ត៌មានពីក្រុមហ៊ុនជាច្រើនដែលកំពុងត្រូវការកម្លាំងពលកម្ម។
ជាមួយគ្នានេះ អ្នកស្រី ចាន់ អេមី បុគ្គលិកផ្នែកធនធានមនុស្ស នៃក្រុមហ៊ុនផលិតចំណីសត្វ De Heus TMH Co., Ltd. បានចាត់ទុកថា ពិព័រណ៍ការងារនេះបានបង្កើតភាពងាយស្រួលយ៉ាងច្រើនសម្រាប់ទាំងអ្នកស្វែងរកការងារ និយោជក និងស្ថាប័នអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
អ្នកស្រីបានលើកឡើងថា តាមរយៈកម្មវិធីនេះ អ្នកស្វែងរកការងារអាចទទួលបានព័ត៌មានអំពីឱកាសការងារ និងវគ្គបណ្ដុះបណ្ដាល ខណៈនិយោជកអាចស្វែងរក និងជ្រើសរើសបុគ្គលិកបានកាន់តែងាយស្រួល ព្រមទាំងអាចទទួលបានការប្រឹក្សាយោបល់ពាក់ព័ន្ធនឹងអាជីព ការងារ និងវិជ្ជាជីវៈ។

អ្នកស្រី ចាន់ អេមី បានបញ្ជាក់ថា៖«កម្មវិធីនេះបានផ្តល់ភាពងាយស្រួលដល់ទាំងអ្នកស្វែងរកការងារ និងនិយោជក តាមរយៈការកាត់បន្ថយចំណាយ និងពេលវេលា ក្នុងការដាក់ពាក្យស្វែងរកការងារ ការជ្រើសរើសបុគ្គលិក និងការផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារ និងវគ្គអប់រំបណ្ដុះបណ្ដាល។ សម្រាប់ខ្ញុំ កម្មវិធីនេះក៏ជាឱកាសដ៏ល្អក្នុងការជួប និងបង្កើតទំនាក់ទំនងជាមួយក្រុមហ៊ុនធំៗជាច្រើន ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងបង្កើតកិច្ចសហការនាពេលអនាគត»។
អ្នកស្រីបានបន្ថែមថា ការចូលរួមក្នុងពិព័រណ៍នេះ ក៏ផ្តល់ឱកាសដល់ក្រុមហ៊ុនក្នុងការបង្ហាញផលិតផល សេវាកម្ម និងសក្តានុពលរបស់ខ្លួនទៅកាន់សាធារណជន ដែលជួយបង្កើនការយល់ដឹង និងការស្គាល់ក្រុមហ៊ុនកាន់តែទូលំទូលាយ។
ការចូលរួមរបស់និយោជក និងក្រុមហ៊ុនជាច្រើនក្នុងពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ត្រូវបានចាត់ទុកថា ជាការរួមចំណែកដ៏សំខាន់ក្នុងការភ្ជាប់រវាងអ្នកស្វែងរកការងារ និងទីផ្សារការងារ ព្រមទាំងជួយកាត់បន្ថយគម្លាតជំនាញ តាមរយៈការផ្តល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្ម និងជំនាញដែលទីផ្សារការងារកំពុងត្រូវការ។
តាមរយៈវេទិកានេះ អ្នកស្វែងរកការងារអាចចូលជួបនិយោជកដោយផ្ទាល់ ដាក់ពាក្យស្នើសុំការងារ និងស្វែងយល់ពីតម្រូវការជំនាញរបស់ក្រុមហ៊ុន ខណៈនិយោជកក៏អាចស្វែងរកបេក្ខជនដែលមានសមត្ថភាព និងជំនាញសមស្របតាមតម្រូវការរបស់ខ្លួន៕
ដោយ៖ ប៊ុនរិទ្ធ





