ឯកឧត្តម វ៉ី សំណាង ជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សប្រជាជនកម្ពុជាស្រុកទ្រាំង
AKP តាកែវ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦--
ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ព្រមទាំងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាស្រុកទ្រាំង បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយថ្នាក់ដឹកនាំ មន្ត្រីគណបក្សឃុំទាំង១៤ ក្នុងស្រុកទ្រាំង ដោយពិធីនេះរៀបចំឡើងនៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ បានពាំនាំនូវការសួរសុខទុក្ខយ៉ាងកក់ក្តៅអំពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនថ្នាក់ដឹកនាំ មន្ត្រីគគណបក្ស និងប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកទ្រាំងផងដែរ។

ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់អំពីសមិទ្ធផលធំៗ ដែលប្រទេសជាតិសម្រេចបានក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណបក្សប្រជាជនកម្ពុជាជាមគ្គុទ្ទេសក៍។ ការកែប្រែមុខមាត់ថ្មី ពីប្រទេសដែលញាំញីដោយសង្គ្រាម មកជាប្រទេសដែលមានសុខសន្តិភាពពេញលេញ និងមានកំណើនសេដ្ឋកិច្ចកើនឡើងជាលំដាប់។នេះហើយដែលធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ជាកត្តានាំឱ្យប្រជាពលរដ្ឋតែងតែផ្ដល់ទំនុកចិត្ត និងបោះឆ្នោតគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់គណបក្សប្រជាជនកម្ពុជា ពីមួយអាណត្តិ ទៅមួយអាណត្តិ។

ឯកឧត្តម វ៉ី សំណាង បានផ្តល់នូវអនុសាសន៍ និងណែនាំដល់ថ្នាក់ដឹកនាំ រួមទាំងមន្ត្រី សមាជិក សមាជិកាគណបក្សឃុំទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តនូវភារកិច្ចសំខាន់ៗមួយចំនួនដូចជា មន្ត្រីបក្សគ្រប់រូបត្រូវខិតខំចុះឱ្យដល់ខ្នងផ្ទះប្រជាពលរដ្ឋ ក្តាប់ឱ្យបាននូវសុខទុក្ខ និងតម្រូវការជាក់ស្តែង ដើម្បីជួយដោះស្រាយបញ្ហជូនពួកគាត់ ឱ្យបានទាន់ពេលវេលា។ ត្រូវខិតខំគៀងគរ និងពន្យល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងច្បាស់អំពីសមិទ្ធផលពិតប្រាកដ ដែលកើតចេញពីនយោបាយដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា។ហើយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ដើម្បីធានាបាននូវការបន្តវេននៃការអភិវឌ្ឍ សន្តិសុខ និងភាពរីកចម្រើនជឿនលឿនទៅមុខឥតឈប់ឈរ៕
ដោយ អ៊ុច សៀង





