បវេសនកាលកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន ជំនាន់ទី១ នៃគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP-AF)
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦--
កម្មវិធីលើកកម្ពស់គុណវុឌ្ឍិគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន ជំនាន់ទី១ នៃគម្រោងកែលម្អការអប់រំចំណេះទូទៅ (GEIP-AF) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានធ្វើពិធីបើកបវេសនកាល កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ តាមរយៈកម្មវិធីនេះ មហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញត្រូវទទួលបន្ទុកបណ្ដុះបណ្ដាលគណៈគ្រប់គ្រង និងគ្រូបង្រៀនសរុបជាង ៨ ០០០នាក់ ចាប់ពីកម្រិតបរិញ្ញាបត្ររហូតដល់កម្រិតបណ្ឌិត។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានចាត់ទុកកម្មវិធីនេះថាជាសមិទ្ធផលដ៏ត្រចះត្រចង់នៃកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មដោយផ្ដោតលើសមាសភាគសំខាន់ៗចំនួន ៥ រួមមាន ការពង្រឹងការគ្រប់គ្រងតាមសាលារៀន (SBM) ការកែលម្អគុណភាពនៃការបង្រៀន និងរៀន ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានសិក្សា ការពង្រឹងការវាយតម្លៃ និងប្រព័ន្ធធានាគុណភាព ព្រមទាំងការឆ្លើយតបបន្ទាន់ និងភាពធន់។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួនដល់សិក្ខាកាម និងអ្នកពាក់ព័ន្ធទាំងអស់ ដោយសូមឱ្យសិក្ខាកាមទាំងអស់យកចិត្តទុក ដាក់ និងប្រកាន់នូវស្មារតីទទួលខុសត្រូវក្នុងការរៀនសូត្រ ដើម្បីធានាបានភាពជោគជ័យនាពេលអនាគត។ ត្រូវរក្សាឱ្យបាននូវស្មារតីសហការ ការចេះជួយគ្នាទៅវិញទៅមក និងបន្តពង្រឹងវប្បធម៌នៃការសិក្សារៀនសូត្រអស់មួយជីវិត (Lifelong Learning) ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសង្គមសម័យឌីជីថល។ ចំណេះដឹងដែលទទួលបានមិនអាចបង្កើតជាផ្លែផ្កាបានឡើយ ប្រសិនបើគ្មានការអនុវត្តជាក់ស្ដែង ដូច្នេះសិក្ខាកាមទាំងអស់ត្រូវនាំយកចំណេះដឹង និងជំនាញទាំងនេះទៅអនុវត្ត និងបំពេញភារកិច្ចជាក់ស្ដែងនៅតាមសាលារៀនរៀងៗខ្លួនប្រកបដោយប្រសិទ្ធភាព។

សូមជម្រាបថា សម្រាប់ពិធីបើកបវេសនកាលនាពេលនេះ មានអ្នកសិក្សាជំនាន់ថ្មីចូលរួមសរុបចំនួន ២ ០៦១នាក់ ក្នុងនោះរួមមាន អ្នកសិក្សាកម្មវិធី BA LUP ចំនួន ៥៧៦នាក់ (ស្រី ១២៩នាក់) និងអ្នកសិក្សាកម្មវិធី BA TUP លើឯកទេសអក្សរសាស្ត្រខ្មែរ ប្រវត្តិវិទ្យា គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា ចំនួន ១ ៤៨៥នាក់ (ស្រី ៨០១នាក់)។ ជាមួយគ្នានេះ មានអ្នកសិក្សា BA TUP2 ចំនួន ១ ៤៨៧នាក់ (ស្រី ៨៨២នាក់) និងអ្នកសិក្សាកម្មវិធី BA LUP2 ចំនួន ៥៤៥នាក់ (ស្រី ១៦៧នាក់) បានបំពេញគ្រប់លក្ខខណ្ឌសិក្សា និងបញ្ចប់ការសិក្សាដោយជោគជ័យ ដែលគ្រោងនឹងទទួលសញ្ញាបត្រនៅពេលឆាប់ៗខាងមុខនេះ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





