មន្ត្រីឧទ្យានុរក្សចុះបង្ក្រាបសកម្មភាពរុករក និងបូមបង្ហូរ រ៉ែមាស ខុសច្បាប់នៅតំបន់ជើងភ្នំជី កំពង់ធំ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦--
ក្នុងកិច្ចសហការរវាងមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន រួមជាមួយអាជ្ញាធរមូលដ្ឋានខេត្តកំពង់ធំ បានចុះទប់ស្កាត់ និងបង្ក្រាបសកម្មភាពរុករកខុសច្បាប់ជាបន្តបន្ទាប់ នៅតំបន់ជើងភ្នំជី ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្រ្តស្រុកសណ្តាន់ ខេត្តកំពង់ធំ ជាប់ព្រំប្រទល់ជាមួយខេត្តក្រចេះ។ យោងតាមក្រសួងបរិស្ថានបានឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២៦មក ក្រុមសមត្ថកិច្ចបានចាប់យកម៉ាស៊ីបូមចំនួន២៥គ្រឿង ក្បាលបូម១២គ្រឿង ទុយោបូមមួយចំនួន និងរុះរើទបង្ហូររ៉ែ និងសម្ភារៈប្រើប្រាស់បទល្មើសជាបន្តបន្ទាប់។

ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានកំណត់ពេលចំនួន១ខែ គិតពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ឱ្យប្រជាពលរដ្ឋ ដែលចូលមកបូមរ៉ែរុះរើសម្ភារៈ និង បញ្ឈប់សកម្មភាពបង្ហូររ៉ែខុសច្បាប់តទៅទៀត។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ធំក៏បានជូនដំណឹងឱ្យបញ្ឈប់ការរករ៉ែខុសច្បាប់ នៅតំបន់ខាងលើនោះទៀត។ ជាមួយគ្នានេះក៏បានជំរុញឱ្យមន្រ្តីជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដី ចុះធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងចាត់វិធានការច្បាប់ ចំពោះករណីដែលរកឃើញបទល្មើស បន្ទាប់ពីសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ ចូលជាធរមាន។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះក្រោយទទួលបានសេចក្តីរាយការណ៍អំពីករណីបទល្មើសរុករករ៉ែ ក្នុងតំបន់ខាងលើនេះ ក្រសួងបរិស្ថានក៏ដូចជាអាជ្ញាធរមូលដ្ឋាន បានធ្វើអន្តរាគមន៍ ដើម្បីទប់ស្កាត់ប៉ះពាល់ដល់បរិស្ថាន និងការពារធនធានធម្មជាតិ។ជាមួយគ្នាក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានក៏បានព្រមានអំពីការចាត់វិធានការផ្លូវច្បាប់ចំពោះជនល្មើសតាមផ្លូវច្បាប់៕
ដោយ៖ មករា





