សម្តេចមហាមន្ត្រី គុយ សុផល ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាកម្មាធិការប្រតិបត្តិ ឃុំ សង្កាត់
AKP កំពង់ឆ្នាំង ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦--
សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាឃុំសង្កាត់ទាំង១១ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាស្រុកបរិបូណ៌ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ថ្នាក់ដឹកនាំមន្ទីរស្ថាប័នពាក់ព័ន្ធ មេបញ្ជាការកងកម្លាំងទាំងបីនិងលោកអភិបាលក្រុងស្រុក។

ក្នុងឱកាសនោះ សម្តេចមហាមន្ត្រី គុយ សុផល បានលើកឡើងថា ការឈ្វេងយល់ពីសុខទុក្ខដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបាយការណ៍វឌ្ឍនភាពសង្ខេបរបស់ក្រុមប្រឹក្សាឃុំសង្កាត់ និងសមាគមគណៈកម្មាធិការប្រតិបត្តិ ធ្វើបទបង្ហាញលើការបង្កើតឱ្យមានអង្គការមួយដែលតំណាង និងការពារផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សា ស្រុក ឃុំ សង្កាត់ នៅក្នុងខេត្ត ដើម្បីលើកកម្ពស់គុណភាពជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងអភិវឌ្ឍសមត្ថភាពបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

ទន្ទឹមនឹងនេះ សម្តេចមហាមន្ត្រីបានបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ឱ្យមានការចុះជួបប្រាស្រ័យឱ្យកាន់តែជិតជាប្រចាំជាមួយប្រាជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងស្តាប់មតិយោបល់ សំណូមពរ បញ្ហាប្រឈមទាំងឡាយ ក៏ដូចជាចូលរួមជួយពង្រឹងការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ការផ្តល់សេវាសាធារណៈ ការងារអភិវឌ្ឍន៍មូលដ្ឋានប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងអស់ ដោយមិនមានប្រកាន់និន្នាការនយោបាយឡើយ។

ក្នុងបរិបទនេះ សម្តេចមហាមន្ត្រី គុយ សុផល បានជំរុញដល់មន្ត្រីពាក់ព័ន្ធ ខិតខំប្រឹងប្រែងក្នុងការអនុវត្តភារកិច្ចបានត្រឹមត្រូវ និងសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរជាបន្តបន្ទាប់ ចំពោះសមាគមប្រត្តិបត្តិក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ គឺជាមធ្យោបាយដ៏សំខាន់មួយសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ បានរួមគា្នបញ្ចេញសំឡេង បានពិភាក្សាជាមួយក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល ការអនុវត្តគោលនយោបាយ រៀបចំការងារផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងពិធីជួបជាមួយក្រុមប្រឹក្សានៅក្នុងមូលដ្ឋានរបស់ខ្លួនទទួលបានផ្លែផ្កាវិជ្ជមាន៕
ដោយ បៃ ស៊ីថុន





