លោក មីន អោង ឡាំង អញ្ជើញទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន មុនបញ្ចប់ទស្សនកិច្ចផ្លូវការនៅកម្ពុជា
AKP សៀមរាប ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦--
ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានក្រុមប្រឹក្សាភិបាលរដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ដែលជាប្រាសាទបុរាណដ៏អស្ចារ្យរបស់ខ្មែរ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ក្នុងដំណើរទស្សនកិច្ចនៅលើទឹកដីអង្គរនេះ ឯកឧត្តម មីន អោង ឡាំង បានសម្តែងនូវការស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះប្រាសាទបុរាណរបស់ខ្មែរ ព្រមទាំងបានឈ្វេងយល់យ៉ាងហ្មត់ចត់អំពីប្រវត្តិសាស្ត្រកម្ពុជា។

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា កម្ពុជា និងមីយ៉ាន់ម៉ា (ភូមា) មានទំនាក់ទំនងជាមួយគ្នាតាំងពីសម័យបុរាណមកម៉្លេះ។ ផ្អែកតាមការស្រាវជ្រាវកន្លងមក អាជ្ញាធរជាតិអប្សរាបានប្រទះឃើញសិលាចារឹកជាភាសាភូមាចំនួន១៣កន្លែង ក្នុងនោះ១០កន្លែងនៅប្រាសាទអង្គរវត្ត និង៣កន្លែងទៀតនៅក្រុងអង្គរធំ ក្បែរប្រាសាទបាយ័ន។

តាមការសិក្សាបង្ហាញថា អក្សរចារឹកភូមាដែលចាស់ជាងគេនៅតំបន់អង្គរ គឺត្រូវបានចារទុកតាំងពីដើមសតវត្សរ៍ទី១៩។ អ្នកដែលបានមកចារខ្លះធ្វើដំណើរមកជាលក្ខណៈគ្រួសារ និងខ្លះទៀតមកតែម្នាក់ឯង ដោយខ្លឹមសារជាទូទៅបញ្ជាក់ពីឈ្មោះអ្នកសរសេរ កាលបរិច្ឆេទ និងតំបន់ដែលពួកគេរស់នៅ។ ដោយឡែកនៅប្រាសាទបាយ័ន អ្នកដែលបានចារអក្សរទាំងនោះ គឺជាព្រះសង្ឃភូមា ដែលបាននិវត្តមកគោរពបូជាព្រះពុទ្ធរូបក្នុងប្រាសាទ ជាពិសេសគឺព្រះអង្គគោកតែម្តង៕
ដោយ ឃុត សៅ





