ក្រសួងកសិកម្ម ធ្វើទំនើបកម្ម ប្រព័ន្ធប្រមូល ស្ថិតិ ផលិតកម្មបន្លែ ទូទាំងប្រទេស
AKP ភ្នំពេញ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦--ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចធ្វើសំយោគ និងច្របាច់បញ្ចូលវិធីសាស្ត្រដែល មានស្រាប់ ជាមួយយន្តការមន្ត្រីកសិកម្មឃុំ ដោយសម្រេចយក «FarmBook App» មកអភិវឌ្ឍបន្ថែមដើម្បីផ្តល់ភាពងាយស្រួលប្រើប្រាស់ជាងមុន។
ការសម្រេចក្នុងយន្តការថ្មីមួយទៀតនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាស្តីពី «នីតិវិធីប្រមូលស្ថិតិផលិតកម្មបន្លែ ដោយប្រើយន្តការមន្ត្រីកសិកម្មឃុំ» ដែលបានរៀបចំឡើងនាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ពិធីនេះដែរគេឃើញមានការចូលរួមពីសំណាក់ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងអង្គភាព និងនាយកដ្ឋានជំនាញពាក់ព័ន្ធ។

ក្រសួងកសិកម្មបានឱ្យដឹងថាកិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងកំណត់ វិធីសាស្ត្រប្រមូលស្ថិតិផលិតកម្មបន្លែឱ្យមានស្តង់ដារតែមួយ ប្រសិទ្ធភាព និងសុក្រឹតភាពខ្ពស់ តាមរយៈការអនុវត្តផ្ទាល់របស់មន្ត្រីកសិកម្មឃុំទូទាំងប្រទេស។

ក្រសួងកសិកម្មបានឱ្យដឹងដែរថាក្រសួងនឹងធ្វើសំយោគ និងច្របាច់បញ្ចូលវិធីសាស្ត្រប្រមូលទិន្នន័យដែលមានស្រាប់ ជាមួយយន្តការមន្ត្រីកសិកម្មឃុំ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល រួមមាន កម្មវិធីទូរស័ព្ទដៃ (App) ការកត់ត្រាព័ត៌មានតាមទីតាំងភូមិសាស្ត្រជាក់ស្តែង និងការប្រមូលទិន្នន័យផ្ទាល់ពីតួអង្គពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្ម ដើម្បីធានាឱ្យទិន្នន័យផលិតកម្មបន្លែមានភាព ត្រឹមត្រូវ ទាន់ពេលវេលា អាចតាមដាន និងអាចប្រើប្រាស់បានប្រកបដោយប្រសិទ្ធភាព សម្រាប់គាំទ្រដល់ការរៀបចំផែនការ ការសម្រេចចិត្ត និងការអភិវឌ្ឍវិស័យផលិតកម្មបន្លែ។

ក្រសួងកសិកម្មបានបញ្ជាក់ជុំវិញបញ្ហានេះថាក្នុងអង្គប្រជុំបានឯកភាពធ្វើសំយោគ និងច្របាច់បញ្ចូលវិធីសាស្ត្រដែលមានស្រាប់ ជាមួយយន្តការមន្ត្រីកសិកម្មឃុំ ដោយសម្រេចយក «FarmBook App» មកអភិវឌ្ឍបន្ថែម និងបញ្ចូលទម្រង់ (Form) សម្រាប់ប្រមូល និងតាមដានទិន្នន័យផលិតកម្មបន្លែឱ្យបានជាក់លាក់ និងងាយស្រួលប្រើប្រាស់។ ការកែលម្អនេះ នឹងជួយ កាត់បន្ថយពេលវេលា និងបន្ទុកការងារ បង្កើនសុក្រឹតភាព និងធានាការផ្តល់ព័ត៌មានបានទាន់ពេលវេលា ព្រមទាំងសម្រួលដល់ការបំពេញភារកិច្ចស្នូលរបស់មន្ត្រីកសិកម្មឃុំនៅមូលដ្ឋាន៕

ដោយ៖មករា





