អ្នកការទូតកំពូលកាតា និងចិន ពិភាក្សាគ្នាអំពីសេរីភាពនៃការធ្វើនាវាចរណ៍នៅច្រកសមុទ្រហ័រមុស
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ -- អ្នកការទូតកំពូលចិន និងកាតាកាលពីថ្ងៃអង្គារបានពិភាក្សាគ្នាអំពីភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា ដោយបញ្ជាក់ពីតម្រូវការដើម្បីធានាសុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍អន្តរជាតិនៅក្នុងច្រកសមុទ្រហ័រមុសដែលស្ទើរតែត្រូវបានបិទទាំងស្រុង។
ទីភ្នាក់ងារសារព័ត៌មានកាតាដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍ថា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកាតា លោក ស្សេក ម៉ូហាំម៉េដ ប៊ីន អាប់ឌុលរ៉ាម៉ាន់ ប៊ីន ចាសស៊ីម អាល់ ថានី ដែលកំពុងបំពេញទស្សនកិច្ចបានជួបជាមួយសមភាគីចិន លោក វ៉ាង យី នៅទីក្រុងប៉េកាំង ដើម្បីពិភាក្សាអំពីការវិវឌ្ឍថ្មីៗបំផុតក្នុងតំបន់ និងកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីកាត់បន្ថយការកើនឡើងនៃភាពតានតឹង និងបង្កើនសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។
អ្នកទាំងពីរក៏បានពិភាក្សាគ្នាផងដែរអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងវិធីដើម្បីគាំទ្រ និងពង្រឹងទំនាក់ទំនងនៅទូទាំងវិស័យផ្សេងៗ។
អ្នកការទូតកំពូលកាតាបានបញ្ជាក់សារជាថ្មីនូវការគាំទ្រយ៉ាង«ពេញលេញ» របស់ទីក្រុងដូហាចំពោះកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីស្វែងរកដំណោះស្រាយដែលធានាសេរីភាពនៃការធ្វើនាវាចរណ៍តាមសមុទ្រ និងបើកផ្លូវសម្រាប់ការឈានដល់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយដែលសម្រេចបាននូវសន្តិភាពប្រកបដោយចីរភាពនៅក្នុងតំបន់។
លោក អាល់ ថានី បាននិយាយថា លោកមានកិច្ចប្រជុំដ៏មានផ្លែផ្កាជាមួយលោក វ៉ាង។
លោកបានមានប្រសាសន៍នៅលើលើប្រព័ន្ធផ្សព្វផ្សាយសង្គមអ៊ិចថា«យើងបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគីដើម្បីបម្រើផលប្រយោជន៍ទៅវិញទៅមករបស់យើង ពិនិត្យឡើងវិញនូវការអភិវឌ្ឍក្នុងតំបន់ និងអន្តរជាតិ ហើយទន្ទឹងរង់ចាំធ្វើការជាមួយគ្នាដើម្បីសន្តិភាព និងសន្តិសុខអន្តរជាតិ»។
កាតា រួមជាមួយប៉ាគីស្ថាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ដើម្បីនាំភាគីទាំងពីរទៅកាន់តុចរចាដើម្បីដោះស្រាយជម្លោះដែលអូសបន្លាយជាច្រើនខែរបស់ពួកគេ៕





