អ៊ីរ៉ង់៖ ការវិលត្រឡប់របស់សហរដ្ឋអាមេរិកទៅកាន់កតិកាសញ្ញាអ៊ីស្លាម៉ាបាដ នឹងបើកផ្លូវសម្រាប់ការបន្ធូរបន្ថយភាពតានតឹង
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកអាបាស អារ៉ាកឈី បាននិយាយកាលពីថ្ងៃអង្គារថា ការវិលត្រឡប់របស់សហរដ្ឋអាមេរិកទៅកាន់ការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមអនុស្សរណៈនៃការយោគយល់គ្នារបស់ទីក្រុងអ៊ីស្លាម៉ាបាដ នឹងបើកផ្លូវសម្រាប់ការបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់បច្ចុប្បន្ន។
លោក អារ៉ាកឈី បានធ្វើការកត់សម្គាល់ខាងលើនេះក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីជប៉ុន គឺលោក តូស៊ីមីតស៊ូ ម៉ូតេគី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់។
រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាការវិវឌ្ឍថ្មីៗបំផុតក្នុងតំបន់ និងអន្តរជាតិ។
លោក អារ៉ាកឈី បានស្តីបន្ទោសភាពតានតឹងបច្ចុប្បន្ននៅក្នុងតំបន់នេះទៅលើអ្វីដែលលោកហៅថា ជាការរំលោភលើការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនក្រោមអនុស្សរណៈនៃការយោគយល់គ្នារបស់ទីក្រុងអ៊ីស្លាម៉ាបាដ។
លោកបានមានប្រសាសន៍ថា «ដំណោះស្រាយ គឺសាមញ្ញណាស់។ការវិលត្រឡប់ និងការអនុលោមតាមការប្តេជ្ញាចិត្ត និងការចុះហត្ថលេខារបស់ភាគីសហរដ្ឋអាមេរិកក្រោមអនុស្សរណៈអ៊ីស្លាម៉ាបាដ នឹងបើកផ្លូវសម្រាប់ការវិលត្រឡប់ទៅរកស្ថានភាពធម្មតាវិញ»។
រដ្ឋមន្ត្រីអ៊ីរ៉ង់ក៏បានជម្រាបជូនលោក ម៉ូតេគី អំពីកិច្ចចរចាថ្មីៗរវាងអ៊ីរ៉ង់និងអូម៉ង់ ស្តីពីច្រកសមុទ្រហ័រមុសផងដែរ។
លោក អារ៉ាកឈី បាននិយាយថា ប្រទេសទាំងពីរសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅក្នុងការចរចាដែលមានគោលបំណងបង្កើតផ្លូវឆ្លងកាត់បណ្តោះអាសន្នឆ្លងកាត់ច្រកសមុទ្រ ដោយលោកបានបន្ថែមថាការពិគ្រោះយោបល់នឹងបន្តលើយន្តការសម្រាប់ការគ្រប់គ្រងនាពេលអនាគតរបស់ខ្លួន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





