អ្នកការទូតជាន់ខ្ពស់រុស្ស៊ី៖ ទីក្រុងមូស្គូចាប់អារម្មណ៍ក្នុងការដោះស្រាយស្ថានការណ៍នៅមជ្ឈិមបូព៌ា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ែរហ្គេយ ឡាវរ៉ូវ បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ទីក្រុងមូស្គូចាប់អារម្មណ៍ក្នុងការដោះស្រាយស្ថានការណ៍តានតឹងនៅមជ្ឈិមបូព៌ា។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត លោក ហ្វៃសាល់ ប៊ីន ហ្វាហាន អាល់ សាអ៊ូដ នៅទីក្រុងមូស្គូ លោក ឡាវរ៉ូវ បាននិយាយថាពួកគេនឹងពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាតំបន់ដែលមានផលប្រយោជន៍ទៅវិញទៅមក។
លោកបានមានប្រសាសន៍ថា ទំនាក់ទំនងរុស្ស៊ី-អារ៉ាប៊ីសាអូឌីត បន្តពង្រីកជារៀងរាល់ឆ្នាំក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងកិច្ចការមនុស្សធម៌។
លោក អាល់ សាអ៊ូដ បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការរុស្ស៊ី-អារ៉ាប៊ីសាអូឌីត បានក្លាយជាកត្តាសំខាន់មួយដែលជួយធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានស្ថិរភាពទាំងស្រុង។
លោកបានមានប្រសាសន៍ថា «យើងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងវិស័យថាមពល និងទីផ្សារថាមពល។ វាជួយយើងឱ្យមានតុល្យភាពរវាងការផ្គត់ផ្គង់ និងតម្រូវការ និងធានាផលប្រយោជន៍របស់ទាំងអ្នកផលិត និងអ្នកប្រើប្រាស់»។
លោក អាល់ សាអ៊ូដ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺជាឱកាសមួយដើម្បីបន្តការសន្ទនា ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពិភាក្សាអំពីបញ្ហាសំខាន់ៗក្នុងតំបន់ និងសកលលោក។
លោកក៏បាននិយាយផងដែរថា អារ៉ាប៊ីសាអូឌីតចាប់អារម្មណ៍ក្នុងការបន្តកិច្ចពិគ្រោះយោបល់ និងការសម្របសម្រួលជាមួយរុស្ស៊ីទៅលើបញ្ហា ដែលមានផលប្រយោជន៍ទៅវិញទៅមក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





