កងទ័ពអាកាសប៉ាគីស្ថានដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសផលិតដោយចិន
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ -- កងទ័ពអាកាសប៉ាគីស្ថាន បានក្លាយជាអតិថិជនបរទេសទីបីជាផ្លូវការ ដែលបានទទួលយកប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លី HQ-17AE ដែលផលិតនៅប្រទេសចិន បន្ទាប់ពីការដាក់ពង្រាយពីមុនដោយប្រទេសស៊ែrប៊ី និងតាជីគីស្ថាន។
ការទិញយកនេះត្រូវបានបញ្ជាក់តាមរយៈវីដេអូ ដែលចេញផ្សាយដោយកងទ័ពអាកាសប៉ាគីស្ថាន ដែលបង្ហាញពីយានជំនិះ HQ-17AE កំពុងស្កេនរកគោលដៅយ៉ាងសកម្ម។ កិច្ចព្រមព្រៀងនេះពង្រីកផលប័ត្រឧបករណ៍ការពារដែនអាកាសចិនដែលមានស្រាប់របស់ប៉ាគីស្ថាន ដែលរួមមានដូចជាFM-90, LY-80, HQ-9BE និង HQ-16FE។
ដោយត្រូវបានបង្កើតឡើងដោយបណ្ឌិត្យសភាទីពីរនៃសាជីវកម្មវិទ្យាសាស្ត្រ និងឧស្សាហកម្មអវកាសចិន (CASIC) ប្រព័ន្ធការពារដែនអាកាស HQ-17AE គឺជាវ៉ារ្យ៉ង់នាំចេញនៃប្រព័ន្ធ HQ-17A របស់កងទ័ពរំដោះប្រជាជនចិន។ វាត្រូវបានរចនាឡើងជាដំណោះស្រាយចល័តខ្ពស់សម្រាប់ការពារកងកម្លាំងនៅដីដែលដាក់ពង្រាយទៅមុខ អង្គភាពនីមួយៗមានយានជំនិះកង់ប្រាំមួយដែលបំពាក់ដោយរ៉ាដាអារេដំណាក់កាលរឹង និងបំពង់បាញ់មីស៊ីលរយៈចម្ងាយខ្លីចំនួនប្រាំបី។
ប្រព័ន្ធនេះមានសមត្ថភាពរកឃើញ និងចូលរួមជាមួយការគំរាមកំហែងតាមផ្លូវអាកាសជាច្រើនប្រភេទ រួមទាំងយន្តហោះចម្បាំងបំបាំងកាយឧទ្ធម្ភាគចក្រ យន្តហោះគ្មានមនុស្សបើក និងមីស៊ីលបញ្ជាល្បឿនជាដើម។យានយន្តតែមួយអាចធ្វើដំណើរបានរហូតដល់ ៩០គីឡូម៉ែត្រក្នុងមួយម៉ោងនិងរក្សាសមត្ថភាពក្នុងការបាញ់មីស៊ីល ខណៈដែលកំពុងធ្វើដំណើរក្នុងល្បឿនរហូតដល់ ២៥គីឡូម៉ែត្រក្នុងមួយម៉ោង ដោយផ្តល់នូវចម្ងាយវាយប្រហារប្រកបដោយប្រសិទ្ធភាពពី ១៥ ទៅ ២០គីឡូម៉ែត្រប្រឆាំងនឹងយន្តហោះចម្បាំងដែលចូលមក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





