កម្ពុជាកំពុងផ្តោតការយកចិត្តទុកដាក់លើការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យព័ត៌មាន និងសារព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ —ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាបើក ក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Media Forum) ក្រោមប្រធានបទ «ការកសាងមាគ៌ាឆ្ពោះទៅរកវិបុលភាពរួមសម្រាប់សហគមន៍អាស៊ី-ប៉ាស៊ីហ្វិក៖ កុងសង់ស៊ីស និងសកម្មភាពប្រព័ន្ធផ្សព្វផ្សាយ» ដែលបានរៀបចំឡើងទីក្រុងសិនជិន ខេត្តក្វាងដុង សាធារណៈរដ្ឋប្រជាមានិចិន។ វេទិកានេះរៀបចំឡើងដោយមានអ្នកចូលរួមប្រមាណ ៤០០នាក់ មកពី ៤២ប្រទេស ដោយក្នុងនោះរួមមាន ស្ថាប័នរដ្ឋាភិបាល តំណាងស្ថាប័នសារព័ត៌មានធំៗ អង្គការស្រាវជ្រាវ ស្ថានទូត និងអង្គការអន្តរជាតិជាច្រើន។

ក្នុងឱកាសនេះ ឯកឧត្តម ប្រាក់ ថាវអមិដា បានថ្លែងអំណរគុណដល់នាយកដ្ឋានផ្សព្វផ្សាយ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន, ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ(Xinhua News Ageny) និងរដ្ឋាភិបាលប្រជាជននៃខេត្តក្វាងដុង ចំពោះការរៀបចំកម្មវិធីប្រកបដោយភាពល្អប្រសើរ និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូកម្ពុជា និងអ្នកចូលរួមទាំងអស់។

ឯកឧត្តមបានលើកឡើងថា ប្រធានបទនៃវេទិកាបានឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមរបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលការអភិវឌ្ឍមិនគួរផ្តល់តែឱកាសផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងការយល់ដឹង ការជឿទុកចិត្ត បរិយាបន្ន និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនផងដែរ។ ក្នុងនាមជារដ្ឋសមាជិកអាស៊ាន និងដៃគូសកម្មក្នុងកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក កម្ពុជាយល់ឃើញថា ស្ថាប័នសារព័ត៌មានមានតួនាទីសំខាន់ក្នុងការសម្របសម្រួលកិច្ចសន្ទនាប្រកបដោយស្ថាបនា ផ្តល់ព័ត៌មានត្រឹមត្រូវ និងគួរឱ្យទុកចិត្ត ព្រមទាំងលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក។

ឯកឧត្តមបានបញ្ជាក់ថា ក្រសួងព័ត៌មានកម្ពុជា ប្តេជ្ញាជំរុញប្រព័ន្ធផ្សព្វផ្សាយដែលមានវិជ្ជាជីវៈ ទំនួលខុសត្រូវ បរិយាបន្ន និងទំនើប។ ក្រោមការដឹកនាំរបស់ឯកឧត្តម នេត្រ ភក្ត្រា ក្រសួងបន្តលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន ពង្រឹងលទ្ធភាពទទួលបានព័ត៌មានគួរឱ្យទុកចិត្ត ជំរុញចំណេះដឹងផ្នែកសារព័ត៌មាន និងព័ត៌មាន ព្រមទាំងសុចរិតភាពព័ត៌មាន និងទំនុកចិត្តសាធារណៈ។ ការប្រើប្រាស់បច្ចេកវិទ្យា ជាពិសេសបញ្ញាសិប្បនិម្មិត ក្នុងវិស័យសារព័ត៌មាន ត្រូវផ្តោតលើមនុស្ស មានសីលធម៌ តម្លាភាព និងគណនេយ្យភាព។ បញ្ញាសិប្បនិម្មិតគួរតែជាឧបករណ៍ជួយបំពេញបន្ថែមការវិនិច្ឆ័យរបស់អ្នកសារព័ត៌មាន មិនមែនជំនួសការវិនិច្ឆ័យរបស់ពួកគេឡើយ។

កម្ពុជាកំពុងផ្តោតការយកចិត្តទុកដាក់លើការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យព័ត៌មាន និងសារព័ត៌មាន ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធផ្សព្វផ្សាយ ការកសាងសមត្ថភាពអ្នកសារព័ត៌មាន និងអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងការអនុវត្តបច្ចេកវិទ្យាថ្មីៗប្រកបដោយទំនួលខុសត្រូវ។ ទន្ទឹមនឹងនេះ កម្ពុជាក៏សង្កត់ធ្ងន់លើការកាត់បន្ថយគម្លាតឌីជីថល ដើម្បីធានាថាអត្ថប្រយោជន៍នៃនវានុវត្តន៍អាចចែករំលែកបានទូលំទូលាយ។

ឯកឧត្តមបានគូសបញ្ជាក់ថា គ្មានប្រទេស ឬស្ថាប័នណាមួយអាចដោះស្រាយបញ្ហាប្រឈមនៃបរិយាកាសព័ត៌មានបច្ចុប្បន្នតែម្នាក់ឯងបានឡើយ ជាពិសេសបញ្ហាព័ត៌មានមិនពិត និងព័ត៌មានបំភាន់ ដែលឆ្លងកាត់ព្រំដែនយ៉ាងឆាប់រហ័សតាមរយៈវេទិកាឌីជីថល។ ដូច្នេះ ចាំបាច់ត្រូវពង្រឹងការទំនាក់ទំនង ការរៀនសូត្រពីគ្នា និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងស្ថាប័នសារព័ត៌មាន រដ្ឋាភិបាល អ្នកស្រាវជ្រាវ ស្ថាប័នសិក្សា និងដៃគូបច្ចេកវិទ្យា។
កម្ពុជាគាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការសារព័ត៌មានក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក តាមរយៈការផ្លាស់ប្តូរវិជ្ជាជីវៈ ការបណ្តុះបណ្តាលអ្នកសារព័ត៌មាន ការផលិតមាតិការួម ការលើកកម្ពស់ចំណេះដឹងផ្នែកសារព័ត៌មាន និងព័ត៌មាន កិច្ចសន្ទនាអំពីបច្ចេកវិទ្យាថ្មីៗ និងការចែករំលែកបទពិសោធន៍ល្អៗស្តីពីសុចរិតភាពព័ត៌មាន។

ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យបង្កើនឱកាសសម្រាប់អ្នកសារព័ត៌មានវ័យក្មេង និងអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ ក្នុងការភ្ជាប់ទំនាក់ទំនងឆ្លងកាត់ព្រំដែន ដើម្បីកសាងធនធានមនុស្សជំនាន់ថ្មី ដែលមានការយល់ដឹងអំពីបច្ចេកវិទ្យា ភាពរសើបចំពោះវប្បធម៌ សីលធម៌វិជ្ជាជីវៈ និងសាមគ្គីភាពក្នុងតំបន់។
ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឱ្យស្ថាប័នសារព័ត៌មានក្នុងតំបន់បង្កើនការពិភាក្សា ការរៀនសូត្រពីគ្នា និងការធ្វើការរួមគ្នា ជាពិសេសលើការផ្ទៀងផ្ទាត់ព័ត៌មាន ការកសាងសមត្ថភាពឌីជីថល ការស្រាវជ្រាវ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការផលិតមាតិកាដែលផ្តោតលើការអភិវឌ្ឍប្រកបដោយស្ថាបនា។ ប្រព័ន្ធផ្សព្វផ្សាយសព្វថ្ងៃ មិនមែនគ្រាន់តែជាអ្នកសង្កេតការណ៍នៃការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកចូលរួមដ៏សំខាន់ក្នុងការកសាងការយល់ដឹងសាធារណៈ ភ្ជាប់ទំនាក់ទំនងសង្គម និងពង្រឹងទំនុកចិត្តរវាងប្រទេសនានា។ កម្ពុជាត្រៀមខ្លួនធ្វើការជាមួយមិត្តភក្តិ និងដៃគូក្នុងតំបន់ ដើម្បីលើកកម្ពស់ការបើកចំហនវានុវត្តន៍ប្រកបដោយទំនួលខុសត្រូវ កិច្ចសហប្រតិបត្តិការសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងសុចរិតភាពព័ត៌មាន សំដៅរួមចំណែកដល់សហគមន៍តំបន់ដែលមានសន្តិភាព បរិយាបន្ន និងវិបុលភាព៕
ដោយ៖ គង់ សិរីរ័ត្ន





