ឯកឧត្តម កែ គឹមយ៉ាន៖ ត្រូវរួមគ្នាការពារសន្តិភាព ស្ថិរភាព និងបន្តយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ និងអតីតយុទ្ធជន
AKP បន្ទាយមានជ័យ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦--ការរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់បន្តដំណើរការអភិវឌ្ឍន៍ប្រទេស និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ក្នុងន័យនេះ ឯកឧត្តម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអំពាវនាវឱ្យសមាជិក សមាជិកាគណបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តរួមគ្នាការពារដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងអធិបតេយ្យភាពជាតិ។

ការលើកឡើងនេះ ធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសឯកឧត្តម កែ គឹមយ៉ាន អញ្ជើញជាអធិបតីក្នុងកម្មវិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅភូមិតេជោសន្តិភាព (ការ៉េ២) ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ឯកឧត្តម កែ គឹមយ៉ាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងដោយមិននឿយហត់របស់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកាគណបក្ស វិស័យឯកជន វិស័យសាសនា និងប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ ដែលបានចូលរួមចំណែកក្នុងការងារសង្គម និងការដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ។

ជាពិសេស ឯកឧត្តមបានកោតសរសើរចំពោះអាជ្ញាធរដែនដី អង្គភាពពាក់ព័ន្ធ ក្រុមការងារ ព្រមទាំងសមាជិក សមាជិកាគណបក្សនៅភូមិតេជោសន្តិភាព (ការ៉េ២) ដែលបានខិតខំអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ព្រមទាំងបានបង្ហាញស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវក្នុងការរួមគ្នាដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលត្រូវភៀសសឹកនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងពេលកន្លងមក។
ឯកឧត្តម កែ គឹមយ៉ាន បានសង្កត់ធ្ងន់ថា កម្លាំងសាមគ្គីភាពរបស់ប្រជាជនគ្រប់មជ្ឈដ្ឋាន គឺជាកម្លាំងដ៏សំខាន់ក្នុងការរក្សាសន្តិភាព និងស្ថិរភាពរបស់ប្រទេស។ ការចូលរួមរបស់អាជ្ញាធរ ក្រុមការងារ សមាជិក សមាជិកាគណបក្ស វិស័យឯកជន វិស័យសាសនា និងប្រជាពលរដ្ឋ គឺបានបង្ហាញពីស្មារតីរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងផលប្រយោជន៍ជាតិ។ 
ឯកឧត្តម កែ គឹមយ៉ាន បានលើកឡើងថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការបន្តអនុវត្តមាគ៌ានយោបាយរបស់ សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គទេសក៍ដ៏ឆ្នើមនៃប្រជាជាតិកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៅតែបន្តសម្រេចបាននូវសមិទ្ធផល និងការអភិវឌ្ឍលើគ្រប់វិស័យ។
ក្នុងចំណោមសមិទ្ធផលសំខាន់ៗ ឯកឧត្តមបានលើកឡើងពីការតម្លើងប្រាក់បៀវត្សរ៍មូលដ្ឋានជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងជំនួយសង្គម ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ព្រមទាំងការពង្រឹង និងពង្រីកកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានបន្តពង្រីកទីផ្សារការងារទាំងក្នុងប្រទេស និងក្រៅប្រទេស ដើម្បីបង្កើនឱកាសការងារ និងប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ជាពិសេសយុវជន ដែលជាកម្លាំងស្នូលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនាពេលអនាគត។

ក្នុងការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឯកឧត្តម កែ គឹមយ៉ាន បានបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីធានាឱ្យប្រជាពលរដ្ឋអាចរស់នៅប្រកបដោយសុវត្ថិភាព និងសុខសាន្ត។
ជាមួយនេះ ការបន្តប្តេជ្ញាបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ និងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ Online Scam ក៏ជាការងារដែលត្រូវបន្តយកចិត្តទុកដាក់ ដើម្បីការពារប្រជាពលរដ្ឋពីការបោកប្រាស់ និងការកេងប្រវ័ញ្ចតាមបច្ចេកវិទ្យាដែលកំពុងកើតមានក្នុងសង្គម។
ចំណុចសំខាន់មួយទៀតដែលឯកឧត្តម កែ គឹមយ៉ាន បានសង្កត់ធ្ងន់ គឺការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និវត្តន៍ជន និងក្រុមគ្រួសារ។ឯកឧត្តមបានបញ្ជាក់ថា ការលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និងក្រុមគ្រួសារ ត្រូវបន្តធ្វើតាមរយៈការអភិវឌ្ឍគោលនយោបាយសង្គមកិច្ច ដើម្បីជួយគាំពារពួកគាត់ចំពោះហានិភ័យផ្សេងៗដែលអាចកើតមាន និងធានាឱ្យអ្នកដែលបានលះបង់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារជាតិ ទទួលបានការយកចិត្តទុកដាក់សមរម្យពីសង្គម និងរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បានណែនាំដល់សមាជិក សមាជិកាគណបក្ស និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឱ្យបន្តរួមគ្នាការពារដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងការពារជាតិ សាសនា ព្រះមហាក្សត្រ អធិបតេយ្យភាពជាតិ និងរាជរដ្ឋាភិបាលកម្ពុជា៕
ដោយ ឈុន សារ៉ាត





