លោកជំទាវឃួន ឃុនឌី÷មិនមានគណបក្សណាមួយអាចជំនួសគណបក្សប្រជាជនកម្ពុជាបានឡើយ
AKP កំពង់ធំ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦--លោកជំទាវឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានលើកឡើងថា"មិនមានគណបក្សណាមួយអាចជំនួសគណបក្ស ប្រជាជនកម្ពុជាបានឡើយ"។លោកជំទាវបានលើកឡើងដូចនេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្នុងឃុំជ័យ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦នៅសាលាបឋមសិក្សាត្រពាំងអារក្ស។

ក្នុងឱកាសនោះ លោកជំទាវបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែគិតគូរពីទុក្ខលំបាករបស់បងប្អូនគ្រប់កាលៈទេសៈទោះបីជាសម្តេចជាប់មមាញឹកក្នុងកិច្ចការប្រទេសជាតិយ៉ាងណាក៏ដោយ។

លោកជំទាវបន្តថា គណបក្សប្រជាជនកម្ពុជានៅតែជាគណបក្សតែមួយគត់ដែលបានចូលរួមយ៉ាងសកម្មនិងធំធេងជាទីបំផុតក្នុងការសង្គ្រោះប្រទេសកម្ពុជា និងមានការអភិវឌ្ឍន៍ឥតឈប់ឈរ ទាំងផ្នែកសេដ្ឋកិច្ចនិងនយោបាយ ព្រមទាំងការជួយជ្រោមជ្រែងដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកដែលមានជីវភាពខ្វះខាតដោយមិនប្រកាន់និន្នាការនយោបាយសាសនាអ្វីឡើយ។កន្លែងណាដែលបងប្អូនជួបការលំបាកកន្លែងនោះគឺមានគណបក្សប្រជាជនកម្ពុជា ជាក់ស្តែងថ្ងៃនេះដោយមើលឃើញពីជីវភាពខ្វះខាតរបស់បងប្អូន អាជ្ញាធរមូលដ្ឋានពិសេសលោកមេភូមិ លោកមេឃុំ និងក្រុមការងារចុះមូលដ្ឋានឃុំជ័យបានសហការគ្នារៀបចំចុះមកផ្តល់ជូនដល់មូលដ្ឋានដោយមិនឱ្យបងប្អូនណាម្នាក់មានបញ្ហាដោយសារកង្វះស្បៀងអាហារនោះទេ។ ទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយឈរលើគោលនយោបាយច្បាស់លាស់ដោយគណបក្សប្រកាន់ខ្ជាប់នូវ"គណបក្ស ប្រជាជនកើតចេញពីប្រជាជន ដើម្បីប្រជាជន និងសម្រាប់ប្រជាជន"។
លោកជំទាវបានបញ្ជាក់ថា ទោះបីជាអំណោយផ្តល់ជូននៅពេលនេះមិនគ្រប់តាមតម្រូវការក៍ពិតមែនក៍ប៉ុន្តែវាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការដោះស្រាយទុក្ខលំបាក និងជីវភាព រស់នៅបងប្អូនបានមួយរយៈពេលដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយ សារដាច់ស្បៀងឡើយ។

លោកជំទាវបានរំលេចឡើងថា តើពេលបងប្អូនជួបការលំបាកខ្វះខាត តើមានគណបក្សណាចុះមកជួយទេ? គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់។
ដូច្នេះដើម្បីលើកទឹកចិត្តនិងផ្តល់កិត្តិយសដល់ថ្នាក់ដឹកនាំគណបក្សបងប្អូនទាំងអស់គ្នាបន្តគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីយើងបានរួមសុខ រួមទុក្ខក្រោមដំបូលសន្តិភាព ព្រមទាំងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិបានរីកចំរើនដូចប្រទេសនានាលើសកលលោក។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋទទួលបានអំណោយមានចំនួន១០៤គ្រួសារមកពី៦ភូមិ ក្នុងឃុំជ័យ ដោយ១គ្រួសារៗទទួលបានអង្ករ២០គីឡូ មី២០កញ្ចប់ ទឹកត្រី៣ដប ឆៃពៅ១គីឡូ ទឹកស៊ីអ៊ីវ៣ដប ត្រីខ៥កំប៉ុង សារុង១ និងថវិកា២ម៉ឺនរៀល៕
ដោយ ស៊ុម វណ្ណា





