ទីក្រុងមូស្គូសន្យាឆ្លើយតប ខណៈដែលអាល្លឺម៉ង់ប្រកាសបិទស្ថានកុងស៊ុលរុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក ចូហាន វ៉ាដេភល បាននិយាយថា រដ្ឋាភិបាលអាល្លឺម៉ង់បានសម្រេចចិត្តបិទស្ថានកុងស៊ុលរុស្ស៊ីប្រចាំទីក្រុង Bonn ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដោយសារតែឧប្បត្តិហេតុយន្តហោះគ្មានមនុស្សបើកកាលពីដើមខែសីហា នៅអាកាសយានដ្ឋាន Leipzig/Halle។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសអាល្លឺម៉ង់ លោក ស៊ែរហ្គេយ ណេឆាយ៉េវ បានបដិសេធយ៉ាងខ្លាំងចំពោះការចោទប្រកាន់របស់ទីក្រុងប៊ែរឡាំងអំពីការចូលរួមរបស់ទីក្រុងមូស្គូនៅក្នុងហេតុការណ៍នេះថា គ្មានមូលដ្ឋាន និងមិនសមហេតុផល។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា ការសម្រេចចិត្តថ្មីប្រឆាំងនឹងរុស្ស៊ីរបស់ប្រទេសអាល្លឺម៉ង់ ដែលបានប្រកាសដោយលើកឡើងពីឧប្បត្តិហេតុយន្តហោះគ្មានមនុស្សបើកនៅអាកាសយានដ្ឋាន Leipzig គឺជា «កំហុសធ្ងន់ធ្ងរ» មួយទៀត ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសខ្លួនឯង។
តាមទស្សនៈរបស់លោក ការសម្រេចចិត្តទាំងនេះកើតចេញពីស្ថានភាពនយោបាយក្នុងស្រុករបស់អាល្លឺម៉ង់ ជាពិសេសការលំបាកដែលអធិការបតីអាល្លឺម៉ង់ លោក ហ្រ្វីដរីជ មើស កំពុងប្រឈមមុខ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





