ក្រុងកំពង់ឆ្នាំងត្រូវប្រកាសទទួលស្គាល់ ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី
AKP កំពង់ឆ្នាំង ថ្ងៃទី២៧ ខែតុលា ឆ្នា២០២៦--ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍នៅក្នុងកម្មវិធីបើកសិក្ខាសាលាស្ដីពីទទួលស្គាល់ក្រុងកំពង់ឆ្នាំង ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី “ ការពង្រឹងសមត្ថភាព ដើម្បីរៀបចំក្រុងកំពង់ឆ្នាំង ជាទីក្រុងទេសចរណ៍គា្មនផ្សែងបារី ” កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង។

កម្មវិធីនេះដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក នៃ ចារី អភិបាលរងខេត្ត និង លោក ហ្វាឌី ឌីខីមី តំណាងអង្គការសុខភាពពិភពលោក លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង លោក លោកស្រីមន្ទីរស្ថាប័នជុំវិញខេត្ត និង សិស្សានុសិស្សជាច្រើននាក់ផងដែរ ។

ថ្លែងក្នុងឱកាសនោះឯកឧត្តម ហោ សារុន បានមានប្រសាសន៍ថា ដើម្បីអភិវឌ្ឍទេសចរណ៍បាន ត្រូវលើកកម្ពស់ការអនុវត្តឲ្យបានល្អប្រសើរជាពិសេសការបិទស្លាក ហាមជក់នៅកន្លែងដែលច្បាប់ហាមឃាត់ និងមិនផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ជាដើម នៅតាមបណ្តាមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍នានា។ រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសមន្ទីរទេសចរណ៍ខេត្ត ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយវិធានសុវត្ថិភាព ទេសចរណ៍ទាំងអស់នោះ ក្នុងមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ត្រូវ អនុវត្តឱ្យបានត្រឹមត្រូវ ក្នុងថ្ងៃឈប់សម្រាកក្ដី ឬកម្មវិធីបុណ្យផ្សេងៗ ដែលនឹងមានភ្ញៀវទេសចរជាតិ អន្តរជាតិធ្វើដំណើរមកលេងកម្សាន្តតាមរមណីយដ្ឋាននានាផងដែរ។

ទន្ទឹមនឹងនេះឯកឧត្តមបានបន្តទៀតថា ការទទួលបានទីក្រុងស្អាត ទេសចរណ៍គ្មានផ្សែងបាវីនេះ នឹងជួយឱ្យខេត្តនីមួយៗ ជាពិសេសខេត្តកំពង់ឆ្នាំងកាន់តែលេច ធ្លោ និងមានភ្ញៀវទេសចរបរទេសកាន់តែច្រើនមកលេងកម្សាន្តក្នុងន័យអភិវឌ្ឍន៍វិស័យទេសចរណ៍ គឺការគិតគូរពីស៊ីខភាពសាធារណៈផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបានជម្រុញដល់ម្ត្រីពាក់ព័ន្ធទាំងអស់ លើកកម្ពស់ត្រួសត្រាយផ្លូវ និងត្រៀមលក្ខណៈសម្បត្តិក្នុងការជំរុញទីក្រុងស្អាត ស្រុកទូទាំងខេត្តនិងរមណីយដ្ឋាននានា ឱ្យក្លាយជាតំបន់ទេសចរណ៍គ្មានផ្សែងបារី នៅពេលខាងមុខ ដើម្បីចូលរួមពង្រឹង និងលើកកម្ពស់បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍៕
ដោយ៖ បៃ ស៊ីថុន





