រដ្ឋបាលខេត្តកណ្ដាល ត្រៀមរៀបចំទីលានចាក់សំរាមស្តង់ដារ និងប្រព័ន្ធកែច្នៃថ្មី
AKP ខេត្តកណ្តាល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦–ដើម្បីដោះស្រាយបញ្ហាសំរាម សំណល់រឹង និងប្លាស្ទិកឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងមានក្របខ័ណ្ឌបច្ចេកទេសច្បាស់លាស់ រដ្ឋបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំពិគ្រោះយោបល់លើកដំបូង ដើម្បីដាក់ចេញនូវផែនការយុទ្ធសាស្ត្រវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម (ESIAs/ESMPs)។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរ អង្គភាពជំនាញ អាជ្ញាធរក្រុង ស្រុកពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនប្រមូលសំរាមផងដែរ។

លោក គ្រុយ ម៉ាឡែន បានបញ្ជាក់ថា គោលបំណងចម្បងនៃកិច្ចប្រជុំពិគ្រោះយោបល់លើកទី១ នេះ គឺដើម្បី ពិភាក្សាលើការរចនាវិស្វកម្មប្លង់បឋម ការជ្រើសរើសទីតាំង និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម (ESIAs/ESMPs)។ ប្រមូលមតិយោបល់ពីអាជ្ញាធរ សហគមន៍ដែលរងផលប៉ះពាល់ និងប្រជាពលរដ្ឋរើសសំរាម។ ឯកភាពលើសកម្មភាពបន្ត ដើម្បីយកទៅប្រើប្រាស់ក្នុងការរចនាប្លង់លម្អិត និងរៀបចំផែនការគ្រប់គ្រងបរិស្ថាន និងសង្គមឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ។ ប្រធានបទសំខាន់ៗចំនួន ៣ ដែលអង្គប្រជុំត្រូវពិនិត្យពិភាក្សាគឺ ទី១ បច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធទីលានចាក់សំរាមការបង្កើតទីលានចាក់សំរាមមានអនាម័យ កន្លែងកែច្នៃសម្ភារៈប្រើប្រាស់ឡើងវិញ កន្លែងផលិតជីកំប៉ុស ប្រព័ន្ធប្រព្រឹត្តកម្មទឹកសំណល់ ព្រមទាំងប្រព័ន្ធគ្រប់គ្រងទឹកភ្លៀង និងឧស្ម័ន ការរៀបចំផ្លូវចូល ការស្តារទីតាំង និងផែនការបិទទីលានចាក់សំណល់ចាស់។ ក្រុមហ៊ុនទីប្រឹក្សា DOHWA និងក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) នឹងបង្ហាញផែនទីទីលានចាស់ ថ្មី និងបញ្ជាក់ពីវិសាលភាពការងារ ប្រវែងផ្លូវ និងព្រំប្រទល់ពាក់ព័ន្ធ ទី២ ការគ្រប់គ្រងហានិភ័យបរិស្ថាន និងសហគមន៍វាយតម្លៃលើគុណភាពទឹក ទឹកក្រោមដីតាមរដូវកាល បញ្ហាទឹកជំនន់ ការរំដោះទឹកភ្លៀង ហានិភ័យអគ្គិភ័យ និងឧស្ម័នទីលាន គ្រប់គ្រងបញ្ហាប្រឈមដូចជា ធូលី ក្លិន សំឡេងរំខាន ចរាចរណ៍ សុវត្ថិភាពផ្លូវថ្នល់ និងតំបន់រសើបជុំវិញ និងពិភាក្សាពីវិធានការកាត់បន្ថយផលប៉ះពាល់ ការតាមដានត្រួតពិនិត្យ និងការទទួលយកក្តីបារម្ភនានាអំពីការជ្រើសរើសទីតាំង និងប្រតិបត្តិការនាពេលអនាគត និងទី៣ ការគាំទ្រ និងដោះស្រាយហានិភ័យសង្គម ពិនិត្យលើព្រំប្រទល់ដីធ្លី ការកាន់កាប់ លំនៅឋាន និងលទ្ធភាពនៃការផ្លាស់ទីលំនៅ យកចិត្តទុកដាក់លើជីវភាពអ្នករើសសំរាម ការទទួលបានសំណល់កែច្នៃ ការផ្លាស់ប្តូរមុខរបរចិញ្ចឹមជីវិត សុវត្ថិភាព ការពារពលកម្មកុមារ ស្ត្រី និងគ្រួសារងាយរងគ្រោះ និងបង្ហាញពីលទ្ធផលនៃការអង្កេត ពិភាក្សាអំពីវិសាលភាពផែនការលម្អិត និងពន្យល់ពីយន្តការដោះស្រាយបណ្តឹងតវ៉ាដែលងាយស្រួលប្រើប្រាស់សម្រាប់ប្រជាពលរដ្ឋ។

លោក អភិបាលរងខេត្ត បានស្នើដល់មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក ជាពិសេសមន្ទីរបរិស្ថានខេត្ត ធ្វើយ៉ាងម៉េចផ្ដល់នូវការពិនិត្យវាយតម្លៃ និងផ្ដល់ធាតុចូលចាំបាច់ដែលពាក់ព័ន្ធនូវការកសាងទីលាននេះឱ្យអស់លទ្ធភាព និងគ្រប់ជ្រុងជ្រោយ បញ្ហាប្រឈមទាំងបរិស្ថាន និងសង្គម ដើម្បីឲ្យគម្រោងនេះនៅពេលដែលរៀបចំទៅវាឆ្លើយតបបានទាំងការដោះស្រាយបញ្ហាការគ្រប់គ្រងសំរាម សំណល់រឹង ហើយទទួលបានអត្ថប្រយោជន៍ទាំងសង្គម ទាំងអ្នកដែលរងផលប៉ះពាល់នៅតំបន់ដែលយើងនឹងរៀបចំគម្រោងនេះ ក៏ដូចជាអ្នកបម្រើការងារបច្ចុប្បន្ន ជាអ្នកប្រមូលសំរាម អ្នកផ្ដល់សេវានានានៅទីលានចាក់សំរាមជាដើម ៕

ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





