អភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីក្នុងវេទិកាធ្វើបាឋកថា ក្រោមប្រធានបទ "ក្ដីសុបិនហ្វូណន"
AKPតាកែវ ថ្ងៃទី២៧ ខែតុលាឆ្នាំ២០២៦--ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតី ក្នុងវេទិកាធ្វើបាឋកថាមួយ ក្រោមប្រធានបទ "ក្ដីសុបិនហ្វូណន"។

អញ្ជើញចូលរួមក្នុងពិធីនោះដែរ ដោយលោក លោកស្រីអភិបាលរងខេត្តតាកែវ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងប្អូនៗនិស្សិត ចូលរួមជាច្រើនរូបផងដែរ។ពិធីនេះរៀបចំឡើងនៅ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ កាលពីព្រឹកថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៦។

នៅក្នុងវេទិកាដ៏មានសារៈសំខាន់នេះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ជូនដល់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និងប្អូនៗនិស្សិត អំពីវឌ្ឍនភាពនិងទំហំនៃការវិនិយោគលើគម្រោងប្រវត្តិសាស្ត្រ "ព្រែកជីកហ្វូណនតេជោ" គឺជាគម្រោងមហិច្ឆតារបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមអភិបាលខេត្តតាកែវ បានលើកឡើងថា នៅចុងខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខនេះ ការដ្ឋានសាងសង់ចំនួន11ទីតាំងផ្សេងៗគ្នា នឹងត្រូវបើកដំណើរការសាងសង់ព្រមៗគ្នា យ៉ាងផុសផុលតែម្តង។
ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា គម្រោងព្រែកជីកប្រវត្តិសាស្ត្រនេះ មានលក្ខណៈបច្ចេកទេស និងទំហំទ្រង់ទ្រាយធំ មានប្រវែងសរុបជិត 180គីឡូម៉ែត្រ ដោយឆ្លងកាត់ទឹកដីខេត្តចំនួន4 រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ដែលមានទទឹងមុខកាត់ផ្នែកខាងលើ100ម៉ែត្រ និងផ្នែកខាងក្រោម80ម៉ែត្រ ជាមួយជម្រៅទឹក 5.4ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន 2គន្លង ស្របតាមស្ដង់ដារបច្ចេកទេសអន្តរជាតិ។គម្រោងសាងសង់នេះគ្រោងចំណាយថវិកាសរុបប្រមាណ1.700លានដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុន (FTC China) និងគ្រោងនឹងបញ្ចប់ជាស្ថាពរទាំងស្រុងនៅចុងឆ្នាំ2028។
ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់បន្ថែមថា គម្រោងព្រែកជីកហ្វូណនតេជោ មិនត្រឹមតែជួយសម្រួលដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹក និងភស្តុភារកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាស្ពានចលករយ៉ាងសំខាន់បំផុតមួយទៀតរបស់កម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ពង្រីកសក្តានុពលពាណិជ្ជកម្ម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងថែមទៀត ៕
ដោយ៖អ៊ុច សៀង





