មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បើកកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅបន្តសម្រាប់ខែ វិច្ឆិកា ឆ្នាំ២០២៦
AKP ព្រះវិហារ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦--លោក ម៉ៅ វណ្ណារិទ្ធ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នាថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ បានដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៦ តំណាងលោក សំ លាងទ្រី ប្រធានមន្ទីរដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោកស្រី ជាប្រធាន និងអនុប្រធានការិយាល័យជំនាញ ព្រមទាំងមន្ត្រីរាជការជាច្រើនរូបទៀត។

លោក ម៉ៅ វណ្ណារិទ្ធ បានធ្វើការថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងការចូលរួមបំពេញការងាររបស់មន្ត្រីគ្រប់ផ្នែក ដើម្បីធានាប្រសិទ្ធភាពការងាររបស់មន្ទីរ ពិសេសការងារថែទាំ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

ជាពិសេសលោកបានមានការ ណែនាំដល់មន្រ្តីផ្ដល់សេវាសាធារណៈបន្តអនុវត្តន៍ការងារអោយបានលឿននិងមានប្រសិទ្ធភាពខ្ពស់ និងបន្តការប្រើប្រាស់ពាក្យសម្ដីសមរម្យ ប្រកបដោយក្រមសីលធម៌ជាមួយប្រជាពលរដ្ឋដែរបានមកទទួលសេវាសាធារណៈដូចកាលកន្លងមក ៕

ដោយ៖ ទិត ស្រ៊





