ក្រសួងសេដ្ឋកិច្ចប្រជុំពិភាក្សាប្លង់ស្ថាបត្យកម្មមេដើម្បីរៀបចំសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ
AKP ភ្នំពេញ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការអនុវត្តគម្រោងសាងសង់សំណង់ស្ថាបត្យកម្មអគារទីស្នាក់ការ និង ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការជាលើកដំបូង ដើម្បីពិភាក្សាលើការរៀបចំប្លង់ស្ថាបត្យកម្មមេ (Master Plan) សម្រាប់អនុវត្តគម្រោងសាងសង់អគារទីស្នាក់ការ និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ដែលមានទីតាំងស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ នាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាអនុប្រធាន និងសមាជិកនៃគណៈកម្មការតំណាងក្រសួង-ស្ថាប័ន និង អង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមហ៊ុន។

ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ជូនអង្គប្រជុំថា កិច្ចប្រជុំនេះមានគោលបំណងផ្តោតចំណុចគន្លឹះៗលើការរៀបចំ Master Plan អនុវត្តគម្រោងសាងសង់អគារទីស្នាក់ការ និង ហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ដោយបានសិក្សាគម្រោង និងរចនាបទច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត (កម្ពុជា-ថៃ) ស្ទឹងបត់ (កម្ពុជា-ថៃ) បាវិត (កម្ពុជា-វៀតណាម) និង ច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ (កម្ពុជា-វៀតណាម) ព្រមទាំងលើកគំរូចំនួនបួនជម្រើស សម្រាប់ការរៀបចំ និងសិក្សា Master Plan នេះឡើង ដោយផ្តោតការយកចិត្តទុកដាក់លើរចនាបទជារបស់ខ្មែរ និងអត្តសញ្ញាណជាតិខ្មែរ ឬលក្ខណៈសម្គាល់ពិសេស (ខេត្តកណ្តាល) ស្របតាមតម្រូវការចាំបាច់របស់ក្រសួង-ស្ថាប័ន ដែលមានសមត្ថកិច្ចនៅច្រកពំដែនអន្តរជាតិជ្រៃធំនេះ ឱ្យបានគ្រប់ជ្រុងជ្រោយពីភាគីពាក់ព័ន្ធ និងតម្រូវការធនធានហិរញ្ញវត្ថុ ជាពិសេសស្របពេលដែលកម្ពុជា-វៀតណាម បានឯកភាពគ្នាជំរុញការដំឡើងកម្រិតច្រកទ្វារទ្វេភាគីជ្រៃធំ-ខាញ់ប៊ិញ ទៅជាច្រកព្រំដែនអន្តរជាតិ ដែលជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់ ព្រោះថាច្រកទ្វារព្រំដែនអន្តរជាតិនេះ នឹងតភ្ជាប់ផ្លូវគោកដែលជិតជាងគេបំផុតរវាងរាជធានីភ្នំពេញ ក៏ដូចជាអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ទៅកាន់ប្រទេសវៀតណាម។

ឯកឧត្តមបណ្ឌិតសភាចារ្យបានណែនាំឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពិនិត្យលទ្ធភាពសាងសង់អគារផ្នែករដ្ឋបាលសម្រាប់ជាការិយាល័យត្រួតពិនិត្យគយ និងរដ្ឋាករច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និង រៀបចំកន្លែង សម្រាប់ការលើកដាក់ផ្ទេរទំនិញ និង ចំណតរថយន្តដឹកទំនិញ សម្រាប់ប្រើប្រាស់បណ្តោះអាសន្ន មុននឹងឈានទៅសាងសង់គម្រោងទាំងមូល នៅពេលទទួលបានហិរញ្ញប្បទានគាំទ្រ ដោយរៀបចំទៅតាម Master Plan នេះដែរ។

ជាលទ្ធផល អង្គប្រជុំបានគាំទ្រ និងឯកភាពកំណត់យកគំរូនៃជម្រើសទី១ ព្រមទាំងប្រគល់ភារកិច្ចជូនតំណាងក្រសួង-ស្ថាប័ន បន្តពិគ្រោះ និង ផ្តល់ការពិនិត្យអនុម័ត ឬកែសម្រួល Master Plan រួម មុននឹងដាក់ឆ្លង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យសម្រេចដ៏ខ្ពង់ខ្ពស់៕
ដោយ ទូច វលក្ខ័ណ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច)





