ក្រោយអនុវត្តន៍រយៈពេល ៦ឆ្នាំ គម្រោង PMI-WILL បានពង្រឹងសមត្ថភាព និងតួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំមូលដ្ឋានបានយ៉ាងល្អ
AKP សៀមរាប ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦--វេទិកាផ្លាស់ប្តូរចំណេះដឹងស្តីពីអភិបាលកិច្ចមូលដ្ឋានប្រកបដោយបរិយាបន្ន និងភាពជាអ្នកដឹកនាំរបស់ស្ត្រី នៃគម្រោង «ភាពជាដៃគូសម្រាប់គំនិតច្នៃប្រឌិតរបស់ទីក្រុងលើការដឹកនាំរបស់ស្ត្រីនៅមូលដ្ឋាន»(PMI-WILL) ត្រូវបានបិទបញ្ចប់ជាផ្លូវការនៅខេត្តសៀមរាប នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបានអនុវត្តន៍អស់រយៈពេល៦ឆ្នាំ ដោយទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងការពង្រឹងអភិបាលកិច្ចមូលដ្ឋានប្រកបដោយបរិយាបន្ន។ វេទិកានេះរៀបចំដោយសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន។

លោកស្រី ម៉ារី ហឺតឌ័រ នាយកគម្រោង PMI-WILL បានលើកឡើងថា គម្រោងនេះសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ទាំងការពង្រឹងសមត្ថភាព និងតួនាទីស្ត្រីក្នុងភាពជាអ្នកដឹកនាំមូលដ្ឋាន ព្រមទាំងការកែលម្អសេវាសាធារណៈឱ្យឆ្លើយតបកាន់តែប្រសើរចំពោះតម្រូវការរបស់ស្ត្រីនិងក្រុមងាយរងគ្រោះ។ សមិទ្ធផលទាំងនេះបានរួមចំណែកគាំទ្រដល់អាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

ឯកឧត្តម គ្រិស្យង់ ដេរ៉ូស (Christian DesRoches) ឯកអគ្គរាជទូតកាណាដាប្រចាំកម្ពុជា បានបង្ហាញមោទនភាពចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាណាដា ក្នុងការជំរុញអភិបាលកិច្ចបែបបរិយាបន្ន សមភាពយេនឌ័រ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព ហើយបញ្ជាក់ថា កាណាដានឹងបន្តគាំទ្រភាពជាដៃគូដ៏រឹងមាំជាមួយកម្ពុជានៅពេលអនាគត។

ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានថ្លែងថា ទោះបីគម្រោង PMI-WILL បានបញ្ចប់ក៏ដោយ ប៉ុន្តែសមិទ្ធផល ចំណេះដឹង និងបទពិសោធន៍ដែលទទួលបាន មិនត្រូវបញ្ចប់តាមអាយុកាលគម្រោងនោះទេ។ ផ្ទុយទៅវិញ ភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តប្រើប្រាស់ ចែករំលែក និងពង្រីកការអនុវត្តល្អៗទាំងនេះ ទៅកាន់រដ្ឋបាលមូលដ្ឋានផ្សេងទៀត ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍ។

សូមបញ្ជាក់ថា គម្រោង PMI-WILL ត្រូវបានអនុវត្តន៍នៅក្រុង-ស្រុកចំនួន១១ ក្នុងខេត្តចំនួន៥ រួមមាន ខេត្តកែប កំពត កំពង់ឆ្នាំង សៀមរាប និងព្រៃវែង។ ក្នុងរយៈពេល៦ឆ្នាំកន្លងមក មានស្ត្រី និងកុមារីជាង ៦,២០០នាក់ ក្នុងនោះស្ត្រីប្រមាណ ២,៤០០នាក់ មកពីក្រុមងាយរងគ្រោះ និងរដ្ឋបាលមូលដ្ឋានចំនួន ៤៧ បានចូលរួម និងទទួលផលពីការអនុវត្តគម្រោងនេះ៕

ដោយ ឃុត សៅ





