គណៈប្រតិភូគណៈកម្មការព្រឹទ្ធសភាជួបជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីស្វែងយល់វិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
AKP ភ្នំពេញ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦-- គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម ង៉ាន់ ចំរើន អនុប្រធានគណៈកម្មការ ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនេះ ឯកឧត្តម ង៉ាន់ ចំរើន បានគូសបញ្ជាក់ពីគោលបំណងចម្បងនៃបេសកកម្មនេះថា ដើម្បីតាមដាន និងស្វែងយល់ពី៖ ១. ការអនុវត្តច្បាប់ និងលិខិតបទប្បញ្ញត្តិ ពិនិត្យមើលការអនុវត្តច្បាប់ស្តីពីសារព័ត៌មាន ច្បាប់ស្តីពីការងារ និងប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានក្នុងដែនសមត្ថកិច្ចខេត្ត។ ២. វឌ្ឍនភាព និងបញ្ហាប្រឈម សិក្សាពីសមិទ្ធផលការងារ សំណូមពរ វិធានការដោះស្រាយ និងចក្ខុវិស័យអភិវឌ្ឍន៍នាពេលអនាគតរបស់រដ្ឋបាលខេត្ត។ ៣. កិច្ចការបរទេស និងព្រំដែន ដោយវាយតម្លៃលើការងារចងសម្ព័ន្ធមេត្រីភាពរវាងខេត្តត្បូងឃ្មុំ ជាមួយបណ្តាខេត្តនៃប្រទេសជិតខាង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការតំបន់។

៤. ការពង្រឹងទំនាក់ទំនង លើកកម្ពស់កិច្ចសហការ និងពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងព្រឹទ្ធសភា ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និង៥. បញ្ហាផ្សេងៗ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ព្រឹទ្ធសភា)





