ដែនជម្រកសត្វព្រៃលំផាត់មានវត្តមានពានរបួនប្រភេទសំខាន់ៗកំពុងរស់នៅ
AKP ភ្នំពេញ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦-- អំបូរពានរមិនមែនត្រឹមតែជាប្រភេទសត្វដែលមានភាពឆ្លាតវៃ និងក្រមិចក្រមើមដ៏គួរឱ្យស្រឡាញ់នោះទេ តែវាក៏ជាសត្វដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងព្រៃផងដែរ។ ពួកវាជួយពង្រាយគ្រាប់ពូជរុក្ខជាតិ និងលំអងផ្កា ដែលសកម្មភាពនេះ បានជួយថែរក្សាព្រៃឈើឱ្យនៅគង់វង្ស មានសុខភាពល្អ ធានានិរន្តភាពបរិស្ថាននិងរក្សាប្រព័ន្ធអេកូឡូស៊ីដែលមានសារះសំខាន់សំរាប់ការរស់នៅរបស់យើង។

ដើម្បីអបអរសាទរទិវាសត្វពានរពិភពលោកនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ អង្គការ NatureLife បានលើកមកបង្ហាញនៅដែនជម្រកសត្វព្រៃលំផាត់ ទីតាំងដែលអនុវត្តគម្រោងរេដបូក ក៏មានប្រភេទអម្បូរពានរកម្រៗជាច្រើន ដែលកំពុងរស់នៅក្នុងព្រៃធម្មជាតិផងដែរ។ ក្នុងនោះមានវត្តមានស្វាបួនប្រភេទសំខាន់ៗដូចជា ស្វាត្រោស ស្វាព្រាម ស្វាកន្ទុយស និង ស្វាក្តាម។ រញី ដែលជាប្រភេទសត្វស្ថិតក្នុងអម្បូរនេះ ក៏មានផងដែរនៅដែនជម្រកសត្វព្រៃលំផាត់។ ការមានវត្តមានរបស់ពួកវា គឺជាសញ្ញាណដ៏ល្អមួយដែលបង្ហាញពីភាពសម្បូរបែបនៃជីវៈចម្រុះក្នុងព្រៃ។

ទោះជាយ៉ាងណាក៏ដោយ ក៏អម្បូរសត្វ ពានរ ទាំងនេះជាច្រើនប្រភេទកំពុងរងការគំរាមកំហែងយ៉ាងខ្លាំង។ ពួកវាប្រឈមមុខនឹងការបាត់បង់ទីជម្រក ការបរបាញ់ ការប្រែប្រួលអាកាសធាតុ និងការជួញដូរដើម្បីបម្រើដល់ការធ្វើការពិសោធន៍ជាដើម។ គម្រោងរេដបូកលំផាត់កំពុងការពារព្រៃសំរាប់ពួកពានរ និងសម្រាប់ភពផែនដីរបស់យើង៕

ដោយ ណយ នឿន (ប្រភព៖ NatureLife)





