ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំមន្ត្រីជំនាញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់សំណង់ប្រព័ន្ធធារាសាស្ត្រទឹកឆា
AKP កំពង់ចាម ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦--នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន រួមនឹងអ្នកពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាព នៃការ សាងសង់សំណង់ទ្វារទឹកប្រឡាយ និងការស្ដារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រនៅតំបន់ទំនប់ទទឹកឆា ស្ថិតនៅក្នុងឃុំបឹងណាយ និងឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ក្នុងដំណើរអញ្ជើញចុះពិនិត្យនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានធ្វើការណែនាំដល់មន្ត្រីជំនាញឱ្យសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់តាមដាន ការអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះឱ្យបានជាប់ជាប្រចាំ ដើម្បីឱ្យការអនុវត្តនៃការសាងសង់សំណង់នេះទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដោយធានាបាននូវគុណភាពខ្ពស់ និងប្រើប្រាស់បានគង់វង្សយូរអង្វែង។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា សំណង់ប្រព័ន្ធធារាសាស្ត្រទឹកឆានេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការនាំទឹកឆ្លើយតបទៅនឹងតម្រូវការទឹកស្រោចស្រពដំណាំកសិកម្ម ជូនដល់ ប្រជាកសិករ ពិសេសលើដំណាំស្រូវ។ វាក៏ជាកម្លាំងចលករដ៏មានសក្តានុពលក្នុងការជួយសម្រួលដល់ការងារកសិកម្មរបស់ប្រជាកសិករក្នុងស្រុកព្រៃឈរទទួលបានផលប្រយោជន៍ខ្ពស់ ចំពោះការងារបង្កើនផលស្រូវដោយទទួលបានទិន្នផលខ្ពស់ និងបង្កើនសេដ្ឋកិច្ច និងជីវភាពគ្រួសារតាមគ្រួសារកាន់តែប្រសើរឡើង។

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ឱ្យដឹងថា ការសាងសង់ និងជួសជុលលើហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធធារាសាស្ត្រទឹកឆា គឺជាគម្រោងស្ដារឡើងវិញដែលបានចែកចេញជា ២ ប្រភេទរួមមាន៖ ១. ប្រព័ន្ធធារាសាស្ត្រទឹកឆាខាងកើតប្រឡាយបេតុង (C)៖ ចំនួន ២ខ្សែ ប្រវែង ២ គីឡូម៉ែត្រ។ មានប្រឡាយរងដី ប្រវែង ១៧.៥០៥ គីឡូម៉ែត្រ មាន សំណង់សិល្បការ (តូច-ធំ)៖ ចំនួន ១១៦ កន្លែង អាចផ្គត់ផ្គង់ និងស្រោចស្រពលើផ្ទៃដីកសិកម្មទំហំប្រមាណជាង ៩៧០ហិកតា ជូនដល់ប្រជាកសិករប្រមាណជាង១ ២៦១គ្រួសារ។

២.ការសាងសង់ប្រព័ន្ធធារាសាស្ត្រទឹកឆាខាងលិច ប្រឡាយបេតុង (A-B)៖ ចំនួន ៩ ខ្សែ ប្រវែង ៤.១២ គីឡូម៉ែត្រមាន សំណង់សិល្បការ (តូច-ធំ)៖ ចំនួន ៦១ កន្លែង អាចមានលទ្ធភាពស្រោចស្រពលើផ្ទៃដីកសិកម្មទំហំ ៩៥០ហិកតា ជូនប្រជាកសិករចំនួន ១ ២៧៦ គ្រួសារ។ វឌ្ឍនភាពនៃការអនុវត្តគម្រោងសាងសង់នេះគឺ ការងារប្រឡាយរងដី និងប្រឡាយបេតុង៖ សម្រេចបាន ១០០% និងការងារសំណង់សិល្បការ៖ សម្រេចបាន ៩០% ៕
ដោយ ឆាយ ម៉ុត





