ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅនេប៉ាល់កើនឡើងដល់ ៩១៩នាក់
AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ -- ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏សាហាវនៅក្នុងប្រទេសនេប៉ាល់បានកើនឡើងដល់ ៩១៩នាក់។នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍កណ្តាលចិន (CCTV) ដោយដកស្រង់សម្តីរបស់មន្រ្តីប៉ូលិសនេប៉ាល់។
យោងតាមប៉ុស្តិ៍ទូរទស្សន៍នោះ បានឱ្យដឹងថា មនុស្ស ៤.២៤៧នាក់ត្រូវបានចុះបញ្ជីថាបានបាត់ខ្លួន។
គ្រោះមហន្តរាយធម្មជាតិនេះបានវាយប្រហារភាគខាងជើងប្រទេសនេប៉ាល់កាលពីព្រឹកថ្ងៃទី២៦ ខែសីហា។ យោងតាមព័ត៌មានបឋម បានឱ្យដឹងថា រលកទឹកជំនន់នេះបណ្តាលមកពីការបាក់ផ្ទាំងទឹកកក និងថ្មនៅព្រំដែននេប៉ាល់-ចិន ចម្ងាយប្រហែល ២០គីឡូម៉ែត្រភាគឦសាននៃច្រកព្រំដែនរ៉ាស៊ូវ៉ាហ្កាឌី។ ចរន្តទឹកហូរដែលមានថ្ម និងកំទេចកំទីដ៏ខ្លាំងក្លាបានធ្វើដំណើរជាង៧០គីឡូម៉ែត្រតាមបាតទន្លេក្នុងល្បឿនលឿន ដោយបំផ្លាញទីលំនៅក្បែរនោះ និងជន់លិចតំបន់ធំមួយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





