គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុចុះរដ្ឋបាលចំហទីតាំងទី២
AKP ព្រះសីហនុ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦-- កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំដោយលោកអភិបាលរងក្រុងព្រះសីហនុ មានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានចុះធ្វើរដ្ឋបាលចំហទីតាំងទី២ នៅផ្ទះល្វែងចំនួន០៣ទីតាំង ក្នុងប្លុកតែមួយ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បានរកឃើញសម្ភារៈ និងវត្ថុជាឧបករណ៍អេឡិចត្រូនិកជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងរកឃើញជនបរទេសស្នាក់ នៅគ្មានលិខិតឆ្លងដែនត្រឹមត្រូវ។

ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញបានសម្រេចដកហូតវត្ថុតាងរួមមាន៖ កុំព្យូទ័រយួរដៃ (Laptop) ចំនួន០៤គ្រឿង ទូរស័ព្ទដៃចំនួន១១៨គ្រឿង Tablet ចំនួន០១គ្រឿង។ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន១០នាក់ (ស្រី០២នាក់) ក្នុងនោះស្នាក់នៅគ្មានលិខិតឆ្លងដែនត្រឹមត្រូវចំនួន០៧នាក់ (ស្រី០២នាក់)។ បច្ចុប្បន្នជនសង្ស័យទាំង១០នាក់ រួមជាមួយវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ ដើម្បីអនុវត្តតាមផ្លូវច្បាប់។

ក្នុងពេលចុះប្រតិបត្តិការធ្វើរដ្ឋបាលចំហ តាមការណែនាំ និងចង្អុលបង្ហាញពីឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់គ្រប់គណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក បង្កើនការផ្សព្វផ្សាយចរាចរណ៍០៣ របស់រាជរដ្ឋាភិបាលដល់ប្រជាពលរដ្ឋ ជាពិសេសការធ្វើរដ្ឋបាលចំហ ដើម្បីស្វែងរកអ្នកប្រើប្រាស់គ្រឿងញៀន ក្រុមក្មេងទំនើង សំខាន់បំផុតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទូទាំងប្រទេស ពិសេសបោសសម្អាត Online Scams នៅក្នុងខេត្តព្រះសីហនុ៕

ដោយ ងូ សុមុនី





