ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា៖ ចាប់តាំងពីឆ្នាំ ១៩៩៣ មក ប្រតិបត្តិការដែលមានការគាំទ្រពីសហរដ្ឋអាមេរិក ដល់កម្ពុជា បានបោសសម្អាត និងប្រគល់ដីដែលរងការបំពុលចំនួនជាង ៧១៤.៦ លានម៉ែត្រក្រឡា
AKP ភ្នំពេញ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ -- អស់រយៈពេលជាង ៣០ ឆ្នាំមកហើយ កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា លើវិស័យសកម្មភាពកំចាត់មីន បានជួយធ្វើឱ្យសហគមន៍កាន់តែមានសុវត្ថិភាព និងនាំយកដីដែលមានការបំពុលដោយមីន និងសំណល់ជាតិផ្ទុះមកប្រើប្រាស់សម្រាប់ផលិតកម្មឡើងវិញ។ ចាប់តាំងពីឆ្នាំ ១៩៩៣ មក ប្រតិបត្តិការដែលមានការគាំទ្រពីសហរដ្ឋអាមេរិក បានបោសសម្អាត និងប្រគល់ដីដែលរងការបំពុលចំនួនជាង ៧១៤.៦ លានម៉ែត្រក្រឡា ស្មើនឹងទីលានបាល់ទាត់ទំហំស្តង់ដារ FIFA តាមរយៈការកម្ទេចមីនប្រឆាំងមនុស្ស និងមីនប្រឆាំងរថក្រោះដែលផលិតដោយចិន និងសហភាពសូវៀតជាង ១១០ ០០០ គ្រាប់ ព្រមទាំងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ចំនួន ៥៥០ ០០០ គ្រាប់ រួមទាំងគ្រាប់បែកចង្កោម ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា។

បើតាមស្ថានទូតអាម៉េរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការថ្មីៗ បន្ទាប់ពីជម្លោះតាមព្រំដែនក្នុងឆ្នាំ ២០២៥ សហរដ្ឋអាមេរិកបានបង្កើនការគាំទ្ររបស់ខ្លួនដល់ ១៣ លានដុល្លារក្នុងឆ្នាំ ២០២៦ លើការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលធ្វើឱ្យទឹកប្រាក់គាំទ្រសរុបរបស់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ១៩៩៣ មកឈានដល់ ២៣៥ លានដុល្លារ។ ផលប៉ះពាល់នៃការងារនេះមានវិសាលភាពធំធេងជាងការដកយកគ្រឿងផ្ទុះចេញ។ រាល់ផ្ទៃដីដែលបានបោសសម្អាត គឺជាការបើកឡើងវិញនូវឱកាសសម្រាប់ការធ្វើកសិកម្ម ជំរុញវិស័យទេសចរណ៍ក្នុងតំបន់ និងបើកផ្លូវឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព សម្រាប់ប្រជាជនកម្ពុជាជំនាន់ក្រោយៗ។

ជាមួយគ្នានេះ សហរដ្ឋអាមេរិក វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ឬអាជ្ញាធរមីន (CMAA) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ព្រមទាំងអ្នកជំនាញជាន់ខ្ពស់កម្ពុជាក្នុងការបោសសម្អាតមីន។ តាមរយៈភាពជាដៃគូរបស់យើង ប្រតិបត្តិការសង្គ្រោះជីវិតបានពង្រីកទៅដល់សហគមន៍តាមព្រំដែនដែលរងផលប៉ះពាល់ដោយជម្លោះនាពេលថ្មីៗនេះ។ ទន្ទឹមនេះ អ្វីដែលសំខាន់បំផុត គឺបន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ ការងារនេះកំពុងជួយឱ្យគ្រួសារកម្ពុជាកាន់តែច្រើនអាចរស់នៅ និងប្រកបការងារដោយសុវត្ថិភាពលើដីដែលធ្លាប់មានគ្រោះថ្នាក់ខ្លាំងពេកមិនអាចប្រើប្រាស់បាន៕


ដោយ៖ រិទ្ធី





