អាជ្ញាធរខេត្តសៀមរាបរកឃើញអាវយឺតចំនួន៤៥អាវសរសេរពាក្យអសុរោះ ប៉ះពាល់សីលធម៌ និងតម្លៃវប្បធម៌ជាតិ
AKP សៀមរាប ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦-- អាជ្ញាធរខេត្តសៀមរាបបានចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាជាមួយអាជីវករលក់សម្លៀកបំពាក់មួយកន្លែង ក្រោយរកឃើញអាវយឺតចំនួន៤៥អាវ ដែលមានបោះពុម្ពពាក្យពេចន៍អសុរោះ មិនសមរម្យ និងអសីលធម៌ ដោយអាជ្ញាធរចាត់ទុកថា ជាខ្លឹមសារដែលអាចជះឥទ្ធិពលអវិជ្ជមានដល់សង្គម ព្រមទាំងធ្វើឱ្យធ្លាក់ចុះនូវតម្លៃសីលធម៌ សុជីវធម៌ និងអក្សរសាស្ត្រជាតិ។

ការចុះត្រួតពិនិត្យ និងអប់រំណែនាំនេះ បានធ្វើឡើងនៅក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពីអាជ្ញាធរខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ បន្ទាប់ពីមានការកត់សម្គាល់ឃើញការដាក់តាំងលក់អាវយឺតដែលភ្ជាប់នូវសារមិនសមរម្យនៅទីសាធារណៈ។
លោក លី សារី អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា វិធានការនេះមិនមែនជាការរារាំងសិទ្ធិប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែជាការចូលរួមអប់រំ និងទប់ស្កាត់ការផ្សព្វផ្សាយខ្លឹមសារដែលមិនសមរម្យក្នុងសង្គម។ លោកបានគូសបញ្ជាក់ថា សម្លៀកបំពាក់គឺជាវត្ថុប្រើប្រាស់ប្រចាំថ្ងៃ និងត្រូវបានបង្ហាញជាសាធារណៈយ៉ាងទូលំទូលាយ ដូច្នេះការប្រើប្រាស់ពាក្យពេចន៍គ្រោតគ្រាត ឬអសុរោះលើអាវយឺត អាចជះឥទ្ធិពលដល់កុមារ យុវជន និងសាធារណជន ឱ្យទទួលយកពាក្យទាំងនោះជារឿងធម្មតា ដែលអាចនាំឱ្យមានការធ្លាក់ចុះនៃសីលធម៌ និងការប្រើប្រាស់ភាសាខ្មែរឱ្យបានត្រឹមត្រូវ។

អាជ្ញាធរខេត្តសៀមរាបបានបញ្ជាក់ថា ការរកឃើញអាវយឺតចំនួន៤៥អាវ ដែលមានខ្លឹមសារអសុរោះ និងអសីលធម៌ គឺជាសញ្ញាមួយដែលត្រូវការការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាថែរក្សាភាសា វប្បធម៌ និងគុណតម្លៃសង្គមខ្មែរ។ អាជ្ញាធរនឹងបន្តតាមដាន និងអនុវត្តវិធានការសមស្របបន្ថែមទៀត ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយ និងចែកចាយផលិតផលដែលមានខ្លឹមសារមិនសមរម្យនៅក្នុងសង្គម៕

ដោយ ឃុត សៅ





