អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញប្រគល់ផ្ទះថ្មី ១ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងអតីតយុទ្ធជន និងនិវត្តជនចំនួន ២៥គ្រួសារ នៅស្រុកភ្នំស្រួច
AKP កំពង់ស្ពឺ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ រួមជាមួយឯកឧត្តម លោក លោកស្រី ក្នុងជួរគណៈកម្មាធិការសាខា និងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ផ្ទះចំនួន ១ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងអតីតយុទ្ធជន និងនិវត្តជនចំនួន ២៥គ្រួសារ រស់នៅក្នុងភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោក អ៊ុ សំអឿន អភិបាលស្រុកភ្នំស្រួច បានអានរបាយការណ៍ស្វាគមន៍ដោយបានគូសបញ្ជាក់អំពីស្ថានភាពទូទៅ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ លោកអភិបាលស្រុកក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការចុះស្រង់ទិន្នន័យ និងស្វែងរកគ្រួសារងាយរងគ្រោះ ព្រមទាំងបងប្អូនអតីតយុទ្ធជនយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថា ពួកគេទទួលបានជំនួយមនុស្សធម៌បានទាន់ពេលវេលា។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានជម្រាបអំពីសក្ដានុពល និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ខេត្តកំពង់ស្ពឺ ព្រមទាំងបានពាំនាំនូវការសាកសួរសុខទុក្ខ និងក្តីនឹកលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទិសទី ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយសារការអត់ឃ្លាន ឬគ្មានការយកចិត្តទុកដាក់នោះឡើយ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីទទួលយកពូជស្រូវសុទ្ធល្អយកទៅធ្វើស្រែចម្ការ សំដៅធានាបាននូវទិន្នផលខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា បច្ចុប្បន្នស្រុកភ្នំស្រួច មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមានរោងចក្រ និងសហគ្រាសជាច្រើនកំពុងដំណើរការ ដែលបង្កឱកាសការងារយ៉ាងសំបូរបែប សម្រាប់បងប្អូនប្រជាពលរដ្ឋ និងស្រទាប់យុវជនអាចស្វែងរកការងារធ្វើដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់បន្ថែមថា អំណោយមនុស្សធម៌នាពេលនេះ ទោះបីជាមិនបានបំពេញតាមតម្រូវការទាំងស្រុងរបស់បងប្អូនក៏ពិតមែន ប៉ុន្តែវាបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រាលទុក្ខលំបាក និងដោះស្រាយការខ្វះខាតចំពោះមុខ។ ជាមួយគ្នានោះដែរ ឯកឧត្តមបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ និងតាមដានមើលថែទាំជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានដិតដល់បន្ថែមទៀត និងរាយការណ៍មកថ្នាក់ខេត្តជាប្រចាំ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនអតីតយុទ្ធជនដែលបានលះបង់តស៊ូ ស្របតាមគោលនយោបាយយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

គួបញ្ជាក់ផងដែរថា អំណោយដែលបានផ្តល់ជូនគ្រួសារទទួលបានផ្ទះ១ខ្នងរួមមាន អង្ករ ១០០គីឡូក្រាម មី ៤កេស ត្រីខ ៤០កំប៉ុង ទឹកត្រី-ទឹកស៊ីអ៊ីវ ២យួ ប្រេងឆា ៤ដប ឃីត ១កញ្ចប់សម្ភារផ្ទះបាយ១ឈុត កន្ទេស១ ខ្នើយ ធុងទឹក១ និងថវិកា៤០.,០០០រៀល និងអំណោយដែលផ្តល់ជូនគ្រួសារងាយរងគ្រោះ អតីតយុទ្ធជន និងនិវត្តជន ក្នុង ១គ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី-ទឹកស៊ីអ៊ីវ ១យួ ប្រេងឆា ១ដប និងថវិការ ២០.០០០រៀល៕
ដោយ៖ ម៉ែន ប៊ុនធីម





