ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ
AKP ភ្នំពេញ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ដ្រីជំនាញ នាព្រឹកថ្ងៃអង្គារនទី០១ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅទីស្ដីការក្រសួង។

អង្គប្រជុំបានពិនិត្យ និងឆ្លងរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន ទី១.ការចូលរួមចំណែករបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគម្រោងអភិរក្ស និងអភិវឌ្ឍន៍នៅរមណីយដ្ឋានតេទឹកពុះ តំបន់អាងទឹកធម្មជាតិតាសាល និងសហគមន៍ជនជាតិដើមភាគតិច តាមរយៈការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងការរៀបចំគម្រោងអភិវឌ្ឍន៍នានាស្របតាមមុខងាររបស់ក្រសួង ទី២.ការពង្រឹងការអនុវត្តតួនាទី ភារកិច្ច និងការពង្រឹងសមត្ថភាពរបស់ក្រុមការងារផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ទី៣.ការរៀបចំផែនការ ឬគម្រោងអភិវឌ្ឍន៍នានានៅតាមបណ្ដារាជធានី ខេត្ត ទី៤.ការរៀបចំរបាយការណ៍បូកសរុបលទ្ធផលការងារអភិវឌ្ឍន៍ជនបទក្នុងរយៈពេល ០៣ឆ្នាំ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ទី៥.ការរៀបចំឯកសារនានាសម្រាប់ប្រារព្ធកម្មវិធីអបអរសាទរខេត្តព្រៃវែងជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) និងទី៦.ការរៀបចំឯកសារនានាសម្រាប់ប្រារព្ធវេទិកាជាតិលើកទី៣ ស្ដីពីអនាម័យនៅកម្ពុជា ដែលគ្រោងនឹងរៀបចំនាពេលខាងមុខនេះ។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍មួយចំនួនជូនដល់ក្រុមការងារនីមួយៗឱ្យយកស្មារតីដែលអង្គប្រជុំបានសម្រេចទៅអនុវត្តបន្ដឱ្យសម្រេចបានវឌ្ឍនភាពជាវិជ្ជមាន ព្រមទាំងបានសម្រេចដាក់ការប្រជុំដើម្បីពិនិត្យវឌ្ឍនភាពតាមកាលកំណត់៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





