ឯកឧត្តម ឈុន ពុទ្ធារិទ្ធ និងក្រុមការងារអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធនធានទឹក ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
AKP ភ្នំពេញ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង នៃក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារបច្ចេកទេស ព្រមទាំងមន្ត្រីជំនាញនៃនាយកដ្ឋានវិស្វកម្ម អញ្ជើញចុះពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារគម្រោងស្តារប្រឡាយមេ ប្រឡាយរង និងគម្រោងសាងសង់សំណង់ស្ទាក់ទឹក ស្ថិតក្នុងភូមិសាស្ត្រស្រុកស្ទោង និងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

វឌ្ឍនភាពនៃការអនុវត្តគម្រោងសំខាន់ៗទាំង៤ រួមមាន ទី១. គម្រោងស្តារប្រឡាយមេបន្ទាយស្ទោង (ជំហាន១)៖ ស្ថិតក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង រួមមានការងារស្តារប្រឡាយមេប្រវែង ៦.០០០ម៉ែត្រ និងការងារសំណង់សិល្បការ្យសរុប ២៣កន្លែង (សាងសង់សំណង់ស្ទាក់ទឹកទ្វារ១ ចំនួន ៦កន្លែង សំណង់លូមូលដោះទឹកទ្វារ១ ចំនួន ៩កន្លែង និងជួសជុលសំណង់ស្ទាក់ទឹកទ្វារ១ ចំនួន៨កន្លែង) ដោយលទ្ធផលសម្រេចបាន ១០០%។
ទី២. គម្រោងស្តារប្រឡាយរងបន្ទាយស្ទោង (ជំហាន២)៖ ស្ថិតក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង រួមមានការងារស្តារប្រឡាយរង ០១ខ្សែ ប្រវែង ៤.២០០ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យថ្មីចំនួន ៩កន្លែង (សំណង់ស្ទាក់ទឹកទ្វារ២ ចំនួន ២កន្លែង សំណង់លូជ្រុង ចំនួន ៣កន្លែង និងសំណង់លូមូលដោះទឹកទ្វារ១ ចំនួន ២កន្លែង) ដោយលទ្ធផលសម្រេចបាន ១០០%។

ទី៣. គម្រោងសាងសង់សំណង់ស្ទាក់ទឹកបន្ទាយស្ទោង៖ ការងារសាងសង់សំណង់ស្ទាក់ទឹកលើស្ទឹងស្ទោងចំនួន ០១កន្លែង ដែលមានទ្វារសរុបចំនួន ១៣សន្លឹក (ទ្វារធំចំនួន១១ និងទ្វារដោះដីល្បាប់ចំនួន០២) ដោយលទ្ធផលសម្រេចបានប្រមាណ ៩០%។ ទី៤. គម្រោងស្តារឡើងវិញប្រឡាយមេតាហោ (ជំហាន២)៖ ស្ថិតក្នុងឃុំចុងដូង និងឃុំបឹង ស្រុកបារាយណ៍ រួមមានការងារស្តារប្រឡាយមេ ០១ខ្សែ ប្រវែង ៣.០០០ម៉ែត្រ និងការងារសំណង់សិល្បការ្យសរុប ០៣កន្លែង (ជួសជុលសំណង់ស្ទាក់ទឹកទ្វារ៣ ចំនួន ០១កន្លែង សាងសង់សំណង់លូជ្រុងចំនួន ០១កន្លែង និងសាងសង់សំណង់បង្ហៀរទ្វារ១ ចំនួន ០១កន្លែង) ដិយលទ្ធផលសម្រេចបាន ១០០%។

ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបាន និងបានណែនាំឱ្យក្រុមការងារបច្ចេកទេសបន្តយកចិត្តទុកដាក់លើបទដ្ឋានវិស្វកម្ម ដើម្បីធានាគុណភាព សុវត្ថិភាព និងនិរន្តរភាពនៃការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





