កម្ពុជា-ឥណ្ឌាលើកកម្ពស់ការវិនិយោគខេត្តកំពង់ឆ្នាំងរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើងបន្ថែមទៀត
AKP កំពង់ឆ្នាំង ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានទទួលជួបសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង នៅសាល់ប្រជុំសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត លោក លោកស្រី និងមន្ត្រីស្ថានទូតឥណ្ឌា។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើការប្រជែងដែលធ្វើឱ្យមានសេរីភាវូបនីយកម្ម ការវិនិយោគកាន់តែខ្លាំងឡើង ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគធ្វើការសម្របសម្រួល ការវិនិយោគ បង្កើននូវវិធានបទប្បញ្ញតិ្តវិនិយោគ និងផ្តល់ការការពារការវិនិយោគ ដែលមានតម្លាភាពចំពោះវិនិយោគិននៃភាគីម្ខាងលើទឹកដីនៃភាគីម្ខាងទៀត ដោយឈរលើមូលដ្ឋានស្មើភាព និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ជាពិសេស ឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមរបស់ប្រទេសទាំងអស់ ដើម្បីបង្កើត និងលើកកម្ពស់តំបន់ពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់អាស៊ាន-ឥណ្ឌា ដែលរួមមានតំបន់ពាណិជ្ជកម្មសេរីសម្រាប់ទំនិញ សេវាកម្ម និងការវិនិយោគផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តទៀតថា កំពង់ឆ្នាំងជាខេត្តមួយមានសំណាងដោយមានក្រុមហ៊ុនជាច្រើនចូលមកវិនិយោគ ក្នុងនោះឥណ្ឌាជាប្រទេសមួយដែលមានបច្ចេកវិទ្យាខ្ពស់ទាំងផ្នែកពាណិជ្ជកម្ម និងឧស្សាហកម្ម។ តាមរយៈកិច្ចប្រតិបត្តិការនេះនឹងធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍមួយជំហានទៀត។ កម្ពុជា-ឥណ្ឌាជំរុញការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំង។

ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា បានលើកឡើងពីការគាំទ្រកម្ពុជា-ឥណ្ឌា និងជំរុញការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើងបន្ថែមទៀត បន្ទាប់ពីមានកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ី-អាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។

សូមបញ្ជាក់ថា បន្ទាប់ពីជំនួប និងពិភាក្សាការងារ ឯកអគ្គរដ្ឋទូត និងមន្រ្តីអមដំណើរ អញ្ជើញធ្វើទស្សនកិច្ចនៅទីតាំងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមរតកដូនតា (ស្មូន) នៅភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕
ដោយ បៃ ស៊ីថុន





